(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនបច្ចេកវិទ្យា Meta ដែលជាមេធំរបស់ Facebook បានតែងតាំងអតីតប្រធានផ្នែកជាន់ខ្ពស់នៅ TikTok លោកស្រី Shadi Nayyer ឱ្យដឹកនាំក្រុមថ្មីរបស់ខ្លូនគឺ «Reality Labs» ដែលផ្តោតលើការបង្កើតទំនាក់ទំនងជាមួយអ្នកបង្កើត និងអ្នកអភិវឌ្ឍន៍នៅក្នុងផ្នែក metaverse។ តួនាទីរបស់លោកស្រី Nayyer នឹងផ្តោតជាពិសេសទៅលើកំណើនប្រព័ន្ធអេកូឡូស៊ី ហើយនឹងត្រូវបានដាក់បញ្ចូលទៅក្នុងអង្គការមាតិកា (Content Organization) នៃ Reality Labs។ នេះបើយោងតាមការចេញផ្សាយដោយ Business Insider នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកស្រី Nayyer បានប្រាប់ទៅ Business Insider ថានៅក្នុងមុខតំណែងថ្មីនេះ នាងមានគោលបំណងបង្កើនការចូលរួមនៅក្នុង metaverse ដោយដំបូងឡើងនាងនឹងផ្តោតលើអ្នកបង្កើតដែលអភិវឌ្ឍនៅក្នុងហ្គេម Horizon Worlds និងកម្មវិធី metaverse ផ្សេងទៀត។ ជាងនេះទៅទៀត នាងក៏មានគម្រោងបង្កើតក្រុមដែលរួមមានអ្នកតស៊ូមតិអភិវឌ្ឍន៍ អ្នកដឹកនាំសហគមន៍ និងអ្នកគ្រប់គ្រងកម្មវិធី ដើម្បីរៀបចំកម្មវិធី hackathons ចូលរួមព្រឹត្តិការណ៍ភាគីទីបី និងដំណើរការការប្រកួតប្រជែង និងកម្មវិធីសហគមន៍ផ្សេងទៀតផងដែរ។
លោកស្រី Nayyer បានបង្ហាញពីការប្តេជ្ញាចិត្តទៅកាន់ Meta ថា៖ «អ្វីដែលខ្ញុំផ្តោតជាច្រើន គឺជាការបង្កើនប្រព័ន្ធអេកូឡូស៊ីអ្នកបង្កើតរបស់យើង»។ «នាំយកអ្នកបង្កើត (creator,builder) អ្នកអភិវឌ្ឍន៍មកលើវេទិការ Meta។ ជួយឱ្យពួកគេស្វែងយល់អំពីផលិតផលរបស់យើង អំពីឧបករណ៍របស់យើង ហើយគ្រាន់តែបញ្ចូលវាទៅក្នុងកម្មវិធីអ្នកបង្កើតផ្សេងៗរបស់យើង»។ គំនិតផ្តួចផ្តើមនេះ ស្របនឹងយុទ្ធសាស្រ្តរបស់ Meta សម្រាប់ឆ្នាំ២០២៥ ដែលត្រូវបានចាត់ទុកថាជាឆ្នាំដ៏សំខាន់សម្រាប់មហិច្ឆតា metaverse របស់ខ្លួន ជាពិសេសផ្តោតលើការរីកចម្រើននៃ Horizon Worlds។ (Horizon Worlds នឹងផ្តល់ជូននូវហ្គេម ព្រឹត្តិការណ៍ផ្សាយផ្ទាល់ និងមុខងារសង្គមជាច្រើនសម្រាប់កាស Meta's Quest VR ក៏ដូចជាឧបករណ៍ចល័ត និងកុំព្យូទ័រផងដែរ)។
គួរជម្រាបថា មុនពេលចូលរួមជាមួយ Meta លោកស្រី Nayyer គឺជាប្រធានផ្នែកជាន់ខ្ពស់ និងមានឥទ្ធិពលមួយរូបនៅ TikTok ដែលមើលការខុសត្រូវលើផ្នែក creator program និងសហគមន៍។ មុនពេលនោះ Nayyer ក៏បានធ្វើការនៅ Twitch ផងដែរ។ តែយ៉ាងជុំវិញ ព័ត៌មានលម្អិតផ្សេងទៀតមិនត្រូវបានបង្ហាញនោះទេ ខណៈ Meta និង TikTok មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ៕