(ភ្នំពេញ)៖ លោក ម៉ិល កាដូ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះកម្មវិធីថ្មីៗ ដែលផ្ដល់ឱកាសដល់កីឡាករវ័យក្មេងជំនាន់ក្រោយបានចូលរួមប្រកួត ពិសេសការប្រកួតដណ្ដើមខ្សែក្រវាត់ ក្នុងន័យផ្ដល់ឱកាសឲ្យពួកគេបង្ហាញសមត្ថភាព ក៏ដូចជាការស្វែងរកធនធានកីឡាករមានទេពកោសល្យល្អ សម្រាប់បន្ដវេនក្នុងសិល្បៈក្បាច់គុនបុរាណខ្មែរ។

ការគូសបញ្ជាក់នេះ បន្ទាប់ពីលោកបានចូលរួមបើកការប្រកួតដណ្ដើមខ្សែក្រវាត់ខារ៉ាបាវ រដូវកាលទី១៣ កាលពីចុងសប្ដាហ៍កន្លងទៅ នៅសង្វៀនបាយ័នស្ទឹងមានជ័យ ដែលជាកម្មវិធីថ្មីមួយទៀត ក្នុងការផ្ដល់ឱកាសដល់កីឡាករគុនខ្មែរប្រភេទទម្ងន់ស្រាល (៥៧គីឡូក្រាម) ចំនួន ៤រូប ត្រូវធ្វើការប្រកួតដណ្ដើមខ្សែក្រវាត់ជាមួយកីឡាករបរទេស ដែលស្របតាមគោលការណ៍រក្សាចាស់ និងបង្កើតថ្មីរបស់សហព័ន្ធ។

អនុប្រធានសហព័ន្ធដដែលបន្ដថា «យើងមានគោលការណ៍មួយ គឺយើងខិតខំរក្សាចាស់ និងបង្កើតថ្មី។ ដូច្នេះហើយ បានជាពីមួយកម្មវិធីទៅមួយកម្មវិធី សហព័ន្ធខិតខំស្វែងរក និងបំផុសរកនូវកីឡាករ ដែលមានទេពកោសលថ្មីៗបន្ថែមទៀត មកចូលរួមសម្ដែងសិល្បៈក្បាច់គុនបុរាណខ្មែរជូនដល់ទស្សនិកជនទាំងអស់ ក៏ដូចជាការបង្ហាញ និងស្វែងរកឲ្យឃើញនូវកីឡាកររបស់យើង ដែលមានទេពសកោសល្យបន្ដបន្ទាប់ទៀត»

លោក នាង ស៊ីវុត្ថា តំណាងសង្វៀនខាងលើបានបញ្ជាក់ថា បេក្ខភាពកីឡាករគុនខ្មែរជំនាន់ថ្មី ដែលត្រូវប្រជែងខ្សែក្រវាត់ទម្ងន់ ៥៧គីឡូក្រាម រដូវកាលទី១៣ នេះ រួមមានកីឡាករ យ៉ន ពិសី, ធន់ ស៊ីម៉ូវ, នូវ សុខទី និង លី សុខា ដែលពួកគេត្រូវធ្វើការប្រកួតខ្វែងពូល ជាមួយកីឡាករថៃ ៤រូបទៀត បន្ទាប់មកកីឡាករខ្មែរ ២រូប និងថៃ ២រូប ដែលមានពិន្ទុខ្ពស់ជាងគេ នឹងត្រូវឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈអ្នកឈ្នះ នឹងត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង។

សម្រាប់ការប្រកួតប្រចាំរដូវកាលនេះដែរ ចំពោះកីឡាករជើងឯកខ្សែក្រវាត់ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៦ពាន់ដុល្លារ, លេខ២ ទទួលបាន ៣,៥០០ដុល្លារ លេខ៣ ទទួលបាន ២ពាន់ដុល្លារ និងលេខ៤ ទទួលបាន ១ពាន់ដុល្លារ៕