(បរទេស)៖ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍មកថា ក្រុមហ៊ុនសហ្វវែលដ៏ធំរបស់អាមេរិក Saleforce កំពុងបញ្ឈប់បុគ្គលិកជាង ១,០០០នាក់ ក្នុងគោលបំណងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ខណៈពេលដំណាលគ្នានេះក៏កំពុងជួលកម្មករដើម្បីលក់ផលិតផលបញ្ញាសិប្បនិម្មិត្ត AI ថ្មីផងដែរ។ នេះបើយោងតាមការចេញផ្សាយបន្តដោយទីភ្នាក់សារព័ត៌មាន Reuters។

របាយការណ៍របស់​ Bloomberg បានគូសបញ្ជាក់ថា បុគ្គលិកដែលរងផលប៉ះពាល់នឹងមានឱកាសដាក់ពាក្យសម្រាប់មុខតំណែងផ្សេងទៀតនៅក្នុង Salesforce។ ទោះ​ជា​យ៉ាង​ណា ផ្នែក​ជាក់លាក់​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​បញ្ឈប់​ការងារ​ទាំង​នេះ​មិន​ត្រូវ​បាន​គេ​បង្ហាញ​ឱ្យ​ដឹង​ឡើយ។ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន Salesforce មានបុគ្គលិកប្រហែល ៧២,៦៨២ នាក់។ ខណៈការបញ្ឈប់នេះ ធ្វើឡើងបន្ទាប់ពីការកាត់បន្ថយពីមុន រួមទាំងបុគ្គលិកប្រហែល ៧០០នាក់ក្នុងខែមករា ឆ្នាំ២០២៤ និង ៣០០នាក់បន្ថែមទៀតនៅក្នុងខែកក្កដា ឆ្នាំ២០២៤។

គួរជម្រាបថា នាយកប្រតិបត្តិ (CEO) លោក Marc Benioff បានប្រកាសកាលពីមុនថា Salesforce បានធានាបាននូវកិច្ចព្រមព្រៀងបង់ប្រាក់ជាង ១,០០០ សម្រាប់វេទិកាដែលដំណើរការដោយ AI «Agentforce» ដែលមានបំណងបង្កើនការគ្រប់គ្រងទំនាក់ទំនងអតិថិជនតាមរយៈបច្ចេកវិទ្យា AI។ Salesforce ត្រូវបានគេរំពឹងថា នឹងរាយការណ៍ពីប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ចំពេលមានការផ្លាស់ប្តូរទាំងនេះ និងសម្ពាធជាបន្តបន្ទាប់ពីវិនិយោគិនដើម្បីកែលម្អរប្រាក់ចំណេញ៕