(បរទេស)៖ ប្រទេសអូស្រ្តាលី បានហាមឃាត់ជាផ្លូវការនូវការប្រើប្រាស់កម្មវិធី DeepSeek នៅលើឧបករណ៍របស់រដ្ឋាភិបាលទាំងអស់ ជុំវិញការព្រួយបារម្ភថាកម្មវិធី Startup បញ្ញាសិប្បនិម្មិត្ត AI របស់ចិនបង្កហានិភ័យផ្នែកសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ប្រកាសនេះ ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Tony Burke នៅថ្ងៃអង្គារសប្តាហ៍នេះថា DeepSeek បានបង្ក «ហានិភ័យដែលមិនអាចទទួលយកបាន» ចំពោះបច្ចេកវិទ្យារបស់រដ្ឋាភិបាល ហើយការហាមឃាត់ជាបន្ទាន់នេះគឺ «ដើម្បីការពារសន្តិសុខជាតិ និងផលប្រយោជន៍ជាតិរបស់ប្រទេសអូស្រ្តាលី»។
នៅក្នុងសេចក្តីថ្លែងការណ៍នោះបាននិយាយថា លេខាធិការនៃនាយកដ្ឋានកិច្ចការផ្ទៃក្នុងបានចេញការណែនាំជាកាតព្វកិច្ចសម្រាប់អង្គភាពរដ្ឋាភិបាលទាំងអស់ដើម្បី «ទប់ស្កាត់ការប្រើប្រាស់ ឬដំឡើងផលិតផល DeepSeek ទាំង applications និង web service» នឹងតម្រូវឱ្យលុបកម្មវិធីដែលមានស្រាប់ចេញពីឧបករណ៍របស់ពួកគេចោលទំាងអស់។
គួរជម្រាបថា ការហាមប្រាមនេះបច្ចុប្បន្នប៉ះពាល់តែមន្រ្តីរដ្ឋាភិបាលប៉ុណ្ណោះ ខណៈពលរដ្ឋ មិនត្រូវបានហាមឃាត់នោះទេ។ យ៉ាងណា ការសម្រេចចិត្តរបស់អូស្ត្រាលីក្នុងការហាមឃាត់ DeepSeek ធ្វើឡើងបន្ទាប់ពីមានសកម្មភាពស្រដៀងគ្នានៅក្នុងប្រទេសអ៊ីតាលី ខណៈដែលប្រទេសផ្សេងទៀតនៅអឺរ៉ុប និងកន្លែងផ្សេងទៀតក៏កំពុងសម្លឹងមើលក្រុមហ៊ុន AI ផងដែរ៕