(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុម Shan United របស់មីយ៉ាន់ម៉ា នាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ដែលជាជំនួបបញ្ចប់ពូលA នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកក្លិបបាល់ទាត់អាស៊ាន (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៤/២៥ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតលោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង នៅតែចាត់ទុកនេះគឺជាការប្រកួតដ៏សំខាន់ ទោះបីត្រឹមជាជំនួបបង្គ្រប់កិច្ចក៏ដោយ ក៏លោកនឹងព្យាយាមលេង ១០០% ដើម្បីបង្ហាញពីកម្រិតលេងរបស់ខ្លួន ពិសេសគោលដៅស្វែងរកជ័យជម្នះ ។ ប៉ុន្ដែលោកបង្ហើបថា មានកីឡាករយ៉ាងហោច ១៣ ទៅ ១៤នាក់ នឹងអវត្តមានក្នុងការប្រកួតនេះ ។

លោក Pep បានបញ្ជាក់ថា «នេះគឺជាការប្រកួតសំខាន់មួយ ហើយក៏ជាការប្រកួតចុងក្រោយរបស់ពួកយើង ក្នុងពានរង្វាន់នេះដែរ ។ យើងចង់បង្ហាញពីគុណភាពរបស់យើង សម្រាប់ការប្រកួតចុងក្រោយ ហើយពួកគេ(Shan United) ក៏ដូចគ្នាដែរ។ ពួកយើងនឹងព្យាយាមលេងដើម្បី ៣ពិន្ទុ ហើយជាធម្មតាយើងតែងតែចង់ឈ្នះគ្រប់ការប្រកួតទាំងអស់ ។ យើងតែងតែលេង ១០០% យើងមានកីឡាករជាច្រើន ដែលមិនអាចលេងបានដោយសារតែបញ្ហារបួស ប៉ុន្តែយើងនឹងផ្តល់ឱកាសដល់កីឡាករផ្សេងៗ»

ពាក់ព័ន្ធនឹងបញ្ហាអវត្តមានកីឡាករ ក្នុងជំនួបបញ្ចប់ភារកិច្ចក្នុងពានរង្វាន់ប្រចាំតំបន់នេះដែរ លោកថា កីឡាករយ៉ាងហោច ១៣ ទៅ ១៤នាក់ នឹងត្រូវអវត្តមានក្នុងការប្រកួតជាមួយក្រុម Shan United ដោយសារមានកីឡាករប្រមាណ ៨រូបរងរបួស ជាក់ស្ដែង ណារ៉ុង កក្កដា ដែលទើបរបួសដាច់សរសៃជង្គង់(ACL) កំឡុងការប្រកួតជាមួយអង្គរថាយហ្គឺរ កាលពីសប្ដាហ៍មុន ។ រីឯកីឡាករ ៦រូបផ្សេងទៀត គឺមិនបានចុះឈ្មោះក្នុងការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup ឆ្នាំនេះឡើយ ។

ស្រដៀងគ្នានឹងការលើកឡើងរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញខាងលើ កីឡាករចាស់វស្សាក្នុងក្រុម ប្រាក់ មុន្នីឧត្តម បានគូសបញ្ជាក់ដែលថា «យើងបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតនេះ។ យើងដឹងហើយថា យើងនឹងមិនអាចទៅលេងនៅជុំបន្ទាប់នោះទេ ប៉ុន្តែយើងនឹងព្យាយាមរក្សាកម្រិតលេងរបស់យើង។ យើងនឹងព្យាយាមយកឲ្យបាន ៣ពិន្ទុ ហើយបញ្ចប់ការប្រកួតពានរង្វាន់មួយនេះ ជាមួយចំណាត់ថ្នាក់ល្អមួយ។ យើងនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញពីកម្រិតលេងរបស់ពួកយើង»

ទន្ទឹមជាមួយគ្នា លោក Ono Hiroki គ្រូបង្វឹកក្រុម Shan United បានទទួលស្គាល់ព្រះខ័នរាជស្វាយរៀង គឺជាក្រុមខ្លាំង និងសម្បូរកីឡាករល្អៗ ពិសេសនៅតំបន់ប្រយុទ្ធ ។ លោកសង្កត់ធ្ងន់ថា «នេះជាការប្រកួតដ៏លំបាកមួយ ដែលពួកយើងត្រូវប្រឈមជាមួយក្រុមសម្បូរដោយកីឡាករល្អៗ ពិសេសខ្សែប្រយុទ្ធបរទេស។ សម្រាប់ខ្ញុំ បើពួកយើងមិនធ្វើការខ្លាំងទេ ច្បាស់ណាស់ ពួកយើងអាចនឹងរបូតច្រើនគ្រាប់ក្នុងការប្រកួតនេះ» ។ យ៉ាងណាលោកជឿជាក់លើកូនក្រុម នឹងខំប្រឹង ដើម្បីទទួលបានលទ្ធផលល្អប្រសើរលើកដំបូង ។

គួរដឹងថា ក្រុមទាំងពីរ សុទ្ធតែអស់ឱកាសប្រជែងកៅអីវគ្គបន្ដ ដ្បិតព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ៥ ក្នុងពូលA រកបាន ៤ពិន្ទុ ខណៈ Shan United ឈរបាតតារាង ពុំទាន់រកបានពិន្ទុឡើយ ។ សម្រាប់បេក្ខភាពត្រូវប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយ គឺមាន ៤ក្រុម ដែលត្រូវប្រកួតកាត់សេចក្ដីដំណាលគ្នា នារាត្រីនេះ ក្នុងនោះក្រុម BG Pathum United របស់ថៃ ត្រូវជួបក្រុមភ្ញៀវម៉ាឡេស៊ី Terengganu FC និងក្រុមម្ចាស់ផ្ទះ PSM Makassar របស់ឥណ្ឌូនេស៊ី ត្រូវជួបក្រុមវៀតណាម Dong A Thanh Hoa ។

បច្ចុប្បក្រុម BG Pathum United កំពុងឈរកំពូលតារាងមាន ៨ពិន្ទុ តាមពីក្រោយដោយក្រុម Terengganu FC និងក្រុម PSM Makassar ដែលរកបាន ៧ពិន្ទុស្មើគ្នា ព្រមទាំងក្រុម Dong A Thanh Hoa ដែលរកបាន ៦ពិន្ទុ ។ ដូច្នេះជោគវាសនាក្រុមត្រូវឡើងទៅវគ្គបន្ដ នឹងត្រូវកាត់សេចក្ដីនៅរាត្រីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ៕