(បរទេស)៖ កីឡាការិនីតេន្នីស Simona Halep ម្ចាស់ជើងឯកពាន Wimbledon កាលឆ្នាំ២០១៩ បានប្រកាសចូលនិវត្តន៍ពីអាជីព Tennis ក្រោមហេតុផលរបួសជង្គង់រាំរ៉ៃ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃនេះថា នាង Halep សញ្ជាតិរ៉ូម៉ានី បានប្រកាសពីការសម្រេចចិត្តចូលនិវត្តន៍តែម្តងនៅឯកម្មវិធី Transylvania Open 2025 ក្រោយពេលជ្រុះចេញត្រឹមជុំទី១ ប៉ុណ្ណោះ បន្ទាប់ពីចាញ់គូប្រជែង Lucia Bronzetti ដោយលទ្ធផល ៦-១ និង ៦-១ នារាត្រីថ្ងៃអង្គារម្សិលមិញ។

កីឡាការិនីវ័យ ៣៣ឆ្នាំរូបនេះ នាងបានពិចារណាពីការព្យួររ៉ុក្កែតនេះដែរ ដ្បិតបញ្ហាញាំញីដោយរបួសជង្គង់ ដែលបង្ខំឱ្យនាងដកខ្លួនពីកម្មវិធីធំ Australian Open ដែលត្រូវលេងវគ្គជម្រុះកាលពីខែមុនមកដែរ។

Halep ដែលធ្លាប់ឡើងដល់ចំណាត់ថ្នាក់លេខ១ ពិភពលោកផងនោះ ជាអតីតជើងឯកក្នុងកម្រិត Grand Slam ២សម័យកាលផងដែរ បន្ទាប់ពីនាងបានឈ្នះពានធំលើកដំបូងកាលឆ្នាំ២០១៨ គឺ French Open នៅបារាំង និង ១ឆ្នាំបន្ទាប់បានផ្តួល Serena Williams ដើម្បីលើកពាន Wimbledon ដ្បិតធ្លាប់បរាជ័យផ្តាច់ព្រ័ត្រ ៣លើកនៅកម្មវិធីកម្រិតកំពូលពិភពលោកមួយនេះ៕