(ឡុងដ៍)៖ គ្រូបង្វឹក Mikel Arteta បានបង្ហាញការខកចិត្ត ចំពោះកាំភ្លើងធំ Arsenal ដែលពុំបានចុះកិច្ចសន្យានាំកីឡាករថ្មីចូល ក្នុងទីផ្សារដោះដូរប្រចាំរដូវរងា នាដើមឆ្នាំ២០២៥ នេះ។

Arteta បានថ្លែងក្នុងសន្និសីទ មុនជំនួបជើងទី២ ទល់នឹង Newcastle ក្នុងកម្មវិធី EFL Cup នារាត្រីថ្ងៃពុធ ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC នៅថ្ងៃនេះថា «ពួកយើងពិតជាខកចិត្តពីការស្វែងរកកីឡាករថ្មីចូល ក្នុងទីផ្សារទិញដូរ ដែលអាចញាំងឱ្យក្រុមយើងរឹតតែខ្លាំងឡើង គាប់ជួននឹងកីឡាកររបួសកើនឡើងទៀត។ ខ្ញុំគ្រាន់តែចង់រក្សាលំនឹងក្រុម និងសម្រេចទៅតាមអ្វីដែលពួកយើងចង់បានប៉ុណ្ណោះ»

ជាមួយគ្នានោះ អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញរូបនេះ បានសំដែងការខកចិត្តថានឹងបានទិញខ្សែប្រយុទ្ធថ្មីចូល ក្រោយពេល Gabriel Jesus ជួបបញ្ហារបួសរហូតចប់រដូវកាលនេះកាលពីខែមុន គ្រាដែល Bukayo Saka ពុំទាន់ត្រឡប់មកវិញទេ ពីបញ្ហារបួសសរសៃពួរ។

Arsenal ដែលបានបំបាក់ Manchester City ៥-១ ក្នុងលីគកាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន មិនបានចំណាយលុយសោះតែម្តង ក្នុងទីផ្សារដោះដូរប្រចាំខែមករា ខុសប្លែកពីមេឃខៀវដែលបានចំណាយអស់ ១៨០លានផោន។ កាំភ្លើងធំបានផ្ទេរចេញកីឡាករ ៣រូប និងដាក់ Marquinhos ឱ្យក្លិប Cruzeiro ខ្ចីជើងរហូតដល់ចប់រដូវកាល ២០២៤-២៥៕