(ភ្នំពេញ)៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជដ៏ធំបំផុត និងផ្តល់សេវាហិរញ្ញវត្ថុទំនើបឈានមុខគេនៅកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនភាពងាយស្រួល និងប្រសិទ្ធភាពសម្រាប់ម្ចាស់អាជីវកម្ម វិនិយោគិន និងស្ថាប័នហិរញ្ញវត្ថុនានា ដោយដាក់ដំណើរការផ្លែតហ្វមទូទាត់អនឡាញរបស់ ABA ទៅក្នុងប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO) កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម និងលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA។

តាមរយៈកិច្ចសហការនេះ PayWay ដែលជាផ្លែតហ្វម ABA ធ្លាប់ទទួលបានពានរង្វាន់កន្លងមកនោះ នឹងត្រូវតភ្ជាប់ទៅក្នុងប្រព័ន្ធ SETFO ដើម្បីជួយសម្រួលដល់ការទូទាត់សម្រាប់ការស្នើសុំ និងការតម្កល់លិខិតជូនដំណឹង នៃសិទ្ធិប្រាតិភោគលើចលនទ្រព្យដែលអាចប្រើប្រាស់ជាទ្រព្យធានា។ SETFO គឺជាធនធានដ៏សំខាន់សម្រាប់អាជីវកម្ម ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ដាក់តម្កល់ឯកសារ និងស្វែងរកលិខិតតម្កល់ ដោយធានានូវអាទិភាពលើទ្រព្យធានា និងការពារការវិនិយោគរបស់ពួកគេ។ តាមរយៈការដាក់តម្កល់លិខិតជូនដំណឹង អាជីវកម្មបង្កើតអាទិភាពលើបុគ្គលផ្សេងដែលធ្វើការតវ៉ា និងអ្នកទិញ ដែលក្នុងនោះ រួមមានករណីដែលកូនបំណុលពុំមានលទ្ធភាពសងបំណុល។

លោក Askhat Azhikhanov បានមានប្រសាសន៍ថា «កិច្ចសហការជាមួយក្រសួងពាណិជ្ជកម្មនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការធ្វើទំនើបកម្ម បរិយាកាសធុរកិច្ចរបស់ប្រទេសកម្ពុជាយើង។ ជាមួយយនឹងជំនាញការដ៏រឹងមាំរបស់ ABA និងដំណោះស្រាយសេវាធនាគារឌីជីថលដ៏សម្បូរបែប យើងខ្ញុំកំពុងធ្វើឲ្យដំណើរការប្រព័ន្ធ SETFO កាន់តែងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។ កិច្ចសហការនេះនឹងពង្រឹងតម្លាភាព និងទំនុកចិត្តកាន់តែប្រសើរសម្រាប់ប្រតិបត្តិការមានកិច្ចធានា ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសយើង»។

ការដាក់ដំណើរការផ្លែតហ្វមទូទាត់អនឡាញ សម្រាប់ប្រព័ន្ធ SETFO តាមរយៈ ABA PayWay នឹងកាត់បន្ថយការចំណាយពេលវេលាដំណើរការ ដោយពុំចាំបាច់អញ្ជើញទៅបង់ប្រាក់នៅក្រសួងផ្ទាល់ និងផ្តល់នូវមធ្យោបាយងាយស្រួល និងសុវត្ថិភាពក្នុងការគ្រប់គ្រងប្រតិបត្តិការសម្រាប់អាជីវកម្ម។ ភាពជាដៃគូនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ABA និងក្រសួងពាណិជ្ជកម្មក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ តាមរយៈអនុស្សរណៈយោគយល់នេះផងដែរ ABA ក៏នឹងចែករំលែកជាមួយក្រសួងពាណិជ្ជកម្ម ពីនិន្នាការបច្ចេកវិទ្យាហិរញ្ញវត្ថុ និងជួយក្នុងការសម្របសម្រួលហិរញ្ញប្បទានពាណិជ្ជកម្ម ដែលរួមចំណែកក្នុងការជំរុញការនាំចេញផលិតផលក្នុងស្រុក។

ធនាគារ ABA នៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្ដាស្ថាប័នរដ្ឋាភិបាល ដើម្បីគាំទ្រគោលនយោបាយអភិវឌ្ឍន៍ជាតិ ខណៈដែលកម្ពុជាទទួលយកការផ្លាស់ប្តូរឌីជីថល ABA មានមោទនភាពក្នុងនាមជាធនាគារឈានមុខ ដោយមានផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទំនើប ស្របតាមគោលដៅឌីជីថលដ៏ទូលំទូលាយរបស់ប្រទេស។

កាលពីខែធ្នូ ឆ្នាំ២០២១ ធនាគារ ABA បានចាប់ដៃគូជាមួយ ក្រសួងពាណិជ្ជកម្ម ដើម្បីភ្ជាប់ដំណោះស្រាយ ABA PAY ទៅក្នុងផ្លែតហ្វម CambodiaTrade.com ដែលអនុញ្ញាតឲ្យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ទទួលយកការទូទាត់ដោយមិនប្រើសាច់ប្រាក់ និងពង្រីកវត្តមានអាជីវកម្មរបស់ពួកគេទៅលើឌីជីថល។ បណ្ដុំទីផ្សារ (marketplace) គឺជាផ្តួចផ្តើមគំនិតរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ក្នុងការចូលរួមក្នុងវិស័យពាណិជ្ជកម្មអេឡិកត្រូនិក និងសេដ្ឋកិច្ចឌីជីថល៕