(បរទេស)៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌាបានស្នើឱ្យមន្ត្រី បុគ្គលិករបស់ខ្លួនជៀសវាងការប្រើប្រាស់ឧបករណ៍ AI រួមទាំង ChatGPT និង DeepSeek សម្រាប់ការងារផ្លូវការ ដោយបានលើកឡើងពីហានិភ័យដែលបង្កឱ្យមានការបែកធ្លាយឯកសារ និងទិន្នន័យសម្ងាត់របស់រដ្ឋាភិបាល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។
នៅមុននេះ ប្រទេសអូស្ត្រាលី និងអ៊ីតាលីក៏បានដាក់កម្រិតស្រដៀងគ្នាលើការប្រើប្រាស់ DeepSeek ដោយលើកឡើងពីហានិភ័យសុវត្ថិភាពទិន្នន័យ។ របាយការណ៍នៃការណែនាំនេះ បានលេចចេញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារ មុនពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ប្រទេសឥណ្ឌា ដោយនាយកប្រតិបត្តិក្រុមហ៊ុន OpenAI គឺលោក Sam Altman នៅថ្ងៃពុធ ដោយគ្រោងនឹងជួបរដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ។
ប្រភពពីមន្ត្រីនៃក្រសួងហិរញ្ញវត្ថុឥណ្ឌាចំនួនបីរូបបានឱ្យដឹងថា ក្រសួងពិតជាបានចេញសេចក្ដីប្រកាសដូច្នេះមែន ប៉ុន្តែ Reuters មិនអាចសុំការឆ្លើយបតភ្លាមៗពីសំណាក់អ្នកនាំពាក្យ ឬតំណាងរបស់ក្រសួងបាននោះទេ។
បច្ចុប្បន្ននេះ OpenAI កំពុងប្រឈមមុខនឹងផ្លូវច្បាប់នៅក្នុងប្រទេសឥណ្ឌាទៅលើករណីរំលោភសិទ្ធិអ្នកនិពន្ធ ប៉ុន្តែខាង OpenAI បានឆ្លើយបតវិញថា ខ្លួនមិនមានម៉ាស៊ីនមេនៅក្នុងប្រទេសឥណ្ឌានោះទេ ហើយតុលារក៏គួរតែកុំគិតពីរឿងនេះផងដែរ។ ប៉ុន្តែបើតាមមើលទៅ ដំណើរទស្សនកិច្ចរបស់លោក Sam Altman ទៅកាន់ប្រទេសឥណ្ឌាគឺដើម្បីទៅដោះស្រាយបញ្ហានេះ៕
https://www.reuters.com/technology/artificial-intelligence/indias-finance-ministry-asks-employees-avoid-ai-tools-like-chatgpt-deepseek-2025-02-05/