(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង បានបញ្ចប់ភារកិច្ចក្នុងការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៤-២៥ ហើយ ជាមួយជ័យជម្នះ ៤-២ លើក្រុមភ្ញៀវ Shan United របស់មីយ៉ាន់ម៉ា ដែលនាំឲ្យក្រុមជើងឯកលីគកំពូលកម្ពុជា ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុងពូល A ទាំងសោកស្ដាយ។
ជំនួបបង្គ្រប់កិច្ចនៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញនារាត្រីថ្ងៃពុធ Shan United បានរកគ្រាប់បាល់នាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន ដោយកីឡាករ Ye Yint Aung នៅនាទីទី៧ មុនកីឡាករ Christian Dos Santos រកបានគ្រាប់តាមស្មើឲ្យស្វាយរៀងវិញ នៅនាទី១៧។ បន្ទាប់មកបន្ដដាក់សម្ពាធ រហូតរកបាន ២គ្រាប់ទៀត ដោយកីឡាករឡាវ Bounphachan Bounkong នៅនាទីទី២០ និងនាទី៣៣។
នៅក្នុងវគ្គទី២ ក្រុមម្ចាស់ផ្ទះនៅតែបន្ដដាក់សម្ពាធ ហើយកីឡាករ Christian Dos Santos ក៏រកបាន ១គ្រាប់បន្ថែមទៀតនៅនាទី៧៧ បន្ទាប់ពីត្រូវបានក្រុម Shan United វាយបក ១គ្រាប់ តាមរយៈការទាត់បាល់ពិន័យ ១១ម៉ែត្រនៅនាទី៧៦ ដោយលទ្ធផលនាំមុខ ៤-២ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដែលនាំឲ្យស្វាយរៀង ស្គាល់ជ័យជម្នះជាលើកទី២ ក្នុងពានរង្វាន់ប្រចាំតំបន់នេះ គ្រាដែលក្រុមសមាជិកលីគកំពូលមីយ៉ាន់ម៉ា បានបញ្ចប់ភារកិច្ចដោយមិនស្គាល់ឈ្នះ ឬស្មើម្ដងឡើយ។
ក្រោយការប្រកួតខាងលើ លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ហាក់មិនសូវរីករាយប៉ុន្មានឡើយ ទោះបីក្រុមខ្លួនទទួលបានជ័យជម្នះក៏ដោយ ដ្បិតការលេងមិនសូវបានល្អ ដូចការចង់បាន។ ពាក់ព័ន្ធនឹងចង្វាក់លេង និងគុណភាពលេងជាក្រុម ពោលគឺមិនដូចកម្រិតដែលក្រុមខ្លួនធ្លាប់ធ្វើបានកន្លងមក។ លើសពីនេះ លោកក៏ហាក់មានការសោកស្ដាយការបរាជ័យជាមួយក្រុម PSM Makassar របស់ឥណ្ឌូនេស៊ី ដែលនាំឲ្យព្រះខ័នរាជស្វាយរៀង គ្មានឱកាសអ៊ុតកៅអីវគ្គបន្ដ សម្រាប់ការប្រកួតចុងក្រោយនេះផងដែរ។
សូមបញ្ជាក់ថា ក្រោយបញ្ចប់វគ្គចែកពូលនៃព្រឹត្តិការណ៍ ASEAN Club Championship Shopee Cup 2024-25 ព្រះខ័នរាជស្វាយរៀង បានត្រឹមឈរលេខ៣ ក្នុងពូល A ដោយមាន ៧ពិន្ទុ ស្មើក្រុម Terenggu FC របស់ម៉ាឡេស៊ី ក្រោយឆ្លងកាត់ ៥ប្រកួត ឈ្នះ ២ ស្មើ ១ និងចាញ់ ២។ រីឯបេក្ខភាពឡើងវគ្គ ៤ក្រុមចុងក្រោយ សម្រាប់ពូល A ក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះ រួមមានក្រុមកំពូលតារាង BG Pathum United របស់ថៃ ដែលរកបាន ១១ពិន្ទុ ក្រោយបន្ដយកឈ្នះក្រុម Terengganu FC ៤-៣ និងក្រុម PSM Makassar ដែលឈរលេខ២ រកបាន ១០ពិន្ទុ ក្រោយយកឈ្នះក្រុម Dong A Thanh Hoa របស់វៀតណាម ៣-០ កាលពីយប់មិញ៕