(ឡុងដ៍)៖ សារិកាព្រៃ Newcastle United បានឡើងទៅចាំមុនវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup 2024-25 នៅពេលបន្តឈ្នះកាំភ្លើងធំ Arsenal ២-០ នាយប់មិញទៀត បញ្ចប់ជើងទី២ នៃវគ្គ ៤ក្រុមចុងក្រោយ។
នេះមានន័យថា ក្រុមរបស់លោក Eddie Howe បានបន្តបំបាក់ក្រុមរបស់លោក Mikel Arteta ៤ទល់នឹង០ សរុបលទ្ធផលទាំង ២ជើង។
ពួកគេត្រូវរង់ចាំរវាងក្រុមឈ្នះ Tottenham Hotspur ឬក៏ហង្សក្រហម Liverpool ដែលជាក្រុមការពារតំណែងជើងឯក ដោយត្រូវប្រកួតជើងទី២ នៅរាត្រីនេះ ដ្បិតផ្តាច់ព្រ័ត្រនឹងធ្វើឡើងតែ ១ជើងប៉ុណ្ណោះនៅកីឡដ្ឋាន Wembley នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។
នេះក៏ជាលើកទី៦ ដែល Newcastle បានឡើងទៅផ្តាច់ព្រ័ត្រនៅកីឡដ្ឋានជាតិអង់គ្លេស Wembley បន្ទាប់ពីបរាជ័យ ៥លើករួចមក គិតចាប់តាំងពីឈ្នះ Manchester City ៣-១ កាលផ្តាច់ព្រ័ត្រពានលំដាប់ទី២ FA Cup នៃរដូវកាលឆ្នាំ១៩៥៤-៥៥ មក៕