(បរទេស)៖​ មន្រ្តីយោធាម្នាក់ បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបិទការចូលប្រើប្រាស់ឧបករណ៍ AI របស់ចិន DeepSeek នៅលើកុំព្យូទ័ររបស់ក្រសួងដែលប្រើសម្រាប់គោលបំណងយោធា។ យ៉ាងណា ជុំវិញការហាមប្រាមនេះនៅមិនទាន់មានរបាយការណ៍លម្អិតនៅឡើយនោះទេ តែមានហេតុផលតែមួយគត់ ខណៈបណ្តាលប្រទេសធំៗជាច្រើនផ្សេងទៀតនៅលើពិភពលោកកំពុងព្រួយបារម្ភនោះគឺ ទាក់ទងនឹងហានិភ័យសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។

គួរជម្រាបថា នៅមុននេះ មានប្រទេសអូស្រ្តាលី និងអ៊ីតាលីក៏បានដាក់កម្រិតស្រដៀងគ្នាលើការប្រើប្រាស់ DeepSeek ដោយលើកឡើងពីហានិភ័យ​សុវត្ថិភាពទិន្នន័យផងដែរ។ ខណៈប្រទេសឥណ្ឌា ត្រូវបានប្រកាសនាថ្ងៃអង្គារសប្តាហ៍នេះ ដោយក្រសួងហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌាបានស្នើឱ្យមន្ត្រី បុគ្គលិករបស់ខ្លួនជៀសវាងការប្រើប្រាស់ឧបករណ៍ AI រួមទាំង ChatGPT និង DeepSeek សម្រាប់ការងារផ្លូវការ ដោយបានលើកឡើងពីហានិភ័យដែលបង្កឱ្យមានការបែកធ្លាយឯកសារ និងទិន្នន័យសម្ងាត់របស់រដ្ឋាភិបាល៕