(ភ្នំពេញ)៖ សហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជា នឹងរៀបចំនូវយុទ្ធសាស្ដ្រថ្មី ដើម្បីសម្រិតសម្រាំងកីឡាករមានគុណភាព ចូលរួមការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ នាខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។
នេះបើតាមការលើកឡើងរបស់លោក យូ ស៊ីណែត ប្រធានសហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជា ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី២ និងបន្ដអាណត្តិទី៣ ឆ្នាំ២០២៤-២០២៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដោយលោក ត្រូវបានសមាជិកគណៈកម្មាធិការប្រតិបត្តិ បោះឆ្នោតគាំទ្របន្ដធ្វើជាប្រធានសហព័ន្ធអាណត្តិថ្មី កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ។
ប្រធានសហព័ន្ធខាងលើ បានថ្លែងដោយមោទនភាព ចំពោះការយកចិត្តទុកដាក់ លើកស្ទួយ អភិរក្ស និងអភិវឌ្ឍន៍យុទ្ធគុនបុរាណខ្មែរគ្រប់ទម្រង់ ពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានជំរុញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ក្នុងការបណ្ដុះទឹកចិត្តជាតិនិយម ចំពោះព្រលឹងវប្បធម៌យុទ្ធគុនដូនតាខ្មែរ ដែលជាព្រលឹងវប្បធម៌ជាតិឲ្យបានទូលំទូលាយ និងទទួលបានការចូលរួមពីគ្រប់មជ្ឈដ្ឋាន។
ដូច្នេះសម្រាប់ការប្រកួត «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ នាពេលខាងមុខ ដើម្បីធានាបាននូវការប្រកួតប្រជែងដ៏ទាក់ទាញ និងស័ក្ដិសមនឹងគុណតម្លៃនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ សហព័ន្ធនឹងរៀបចំការប្រកួតកីឡាយុទ្ធក្រមជើងឯកទូទាំងប្រទេស នាខែឧសភាខាងមុខ ដើម្បីចម្រាញ់បានកីឡាករមានគុណភាពត្រៀមចូលរួមការប្រកួតនេះ ចៀសវាងការចាប់ដាក់ នាំឲ្យខូចកម្មវិធី និងខូចកីឡាករជាដើម ។ ដូច្នេះកីឡាករចូលរួមប្រកួតឆ្នាំនេះ ត្រូវធានាបានទាំងសុខភាព សមត្ថភាព កម្លាំង និងរាង្គកាយផងដែរ។
លោកបន្ដថា «សហព័ន្ធទាំងអស់ គាត់មានសិទ្ធដាក់កីឡាករ ប៉ុន្ដែបទពិសោធន៍ខ្ញុំឆ្នាំមុន ឃើញថា យើងនៅមានកម្រិត សម្រាប់ការប្រកួតរបៀបយុទ្ធគុនចម្រុះនេះ ហើយពានរង្វាន់សម្ដេចបវរធិបតី ក៏ទើបរៀបចំលើកទី១ដែរ ។ ដូច្នេះខ្ញុំរៀបចំយុទ្ធសាស្ដ្រថ្មីមួយ នៅថ្ងៃទី៥ ខែឧសភា ខ្ញុំនឹងរៀបចំការប្រកួតជើងឯកទូទាំងប្រទេស ដោយមានការចូលរួមពីគ្រប់សំណាក់គុន និងសមាគមទាំងអស់ ដើម្បីជ្រើសរើសកីឡាករជើងឯកទូទាំងប្រទេស ហើយយកពួកគាត់មកបំប៉នហ្វឹកហាត់បន្ថែម ដើម្បីត្រៀមទៅប្រកួតនៅខែវិច្ឆិកា»។
លើសពីនេះ តាមរយៈការបណ្ដុះបណ្ដាលគ្រូបង្វឹកកាលពីថ្មីៗ និងការត្រៀមបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី នាពេលឆាប់ៗខាងមុខ នឹងជំរុញឲ្យសិស្សគុនគ្រប់ទម្រង់ទាំងអស់ ទទួលបាននូវមូលដ្ឋានបច្ចេកទេសថ្មីៗ ដើម្បីអភិវឌ្ឍន៍សមត្ថភាពកាន់តែល្អប្រសើរ ហើយថ្ងៃអនាគត នឹងមានកីឡាករល្អៗកាន់តែច្រើន ដែលអាចប្រកួតប្រជែងលើឆាកអន្ដរជាតិ និងជំរុញឲ្យគេស្គាល់យុទ្ធគុនបុរាណខ្មែរ ដូចវីរភាពដ៏អស្ចារ្យលើសិលាចារឹកនៃប្រាសាទរខ្មែរដែរ។ លោក យូ ស៊ីណែត បន្ថែម។
ប្រធានសហព័ន្ធខាងលើ បានគូសបញ្ជាក់ទៀតថា «ក្បាច់គុនបុរាណខ្មែរ ប្រៀបដូចជា កែវចរណៃ មួយ ដែលបានបែកទៅហើយ តែគ្រប់ផ្នែកគ្រប់បំណែក សុទ្ធតែសំខាន់ ក្នុងការផ្គុំចូលគ្នាមកវិញ ដើម្បីឲ្យកើតចេញជារូបរាងពេញលេញឡើងវិញ» ។ តាមរយៈនេះ លោកបានជំរុញ និងលើកទឹកចិត្តដល់មហាគ្រួសារយុទ្ធក្រមខម បន្ដរួបរួម និងសាមគ្គីគ្នា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍន៍នូវយុទ្ធគុនខ្មែរបុរាណគ្រប់ទម្រង់ ដែលបន្សល់ទុកពីបុព្វបុរសខ្មែរ សម្រាប់រក្សាទុកដល់យុវជនខ្មែរជំនាន់ក្រោយ និងផ្សព្វផ្សាយឲ្យពិភពលោកបានស្គាល់កាន់តែទូលំទូលាយផងដែរ។
សូមបញ្ជាក់ថា សម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជា អាណត្តិទី៣ គឺមានសមាជិកសរុបចំនួន ២១រូប ត្រូវបានបោះឆ្នោតគាំទ្រ ហើយត្រៀមដាក់ស្នើសុំទទួលស្គាល់សមាជិកភាពពី NOCC ក្នុងនោះមានលោក យូ ស៊ីណែត ជាប្រធាន រួមជាមួយអនុប្រធាន ៤រូប អគ្គលេខាធិការ ១រូប និងអគ្គលេខាធិការរង ៤រូប, អគ្គហេរញ្ញិក ១រូប និងអគ្គហេរញ្ញិករង ៤រូប ព្រមទាំងសមាជិក ៦រូប។ ក្នុងមហាសន្និបាតបញ្ចប់អាណត្តិខាងលើ ក៏មានការចូលរួមជាសក្ខីភាពពីមន្ដ្រីជាន់ខ្ពស់ NOCC និងតំណាងក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕