(បរទេស)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Qualcomm លោក Cristiano Amon បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ក្រុមហ៊ុន​ Arm បានដកការគំរាមកំហែងរបស់ខ្លួនក្នុងការបញ្ចប់កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Qualcomm។ រឿងរ៉ាវនេះកើតឡើង បន្ទាប់ពីជម្លោះផ្លូវច្បាប់រវាងក្រុមហ៊ុនទាំងពីរទាក់ទងនឹងការទិញយកបច្ចេកវិទ្យាបន្ទះឈីប Qualcomm ពីក្រុមហ៊ុន Nvidia ដែលជាក្រុមហ៊ុនរចនាបន្ទះឈីប។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥។

កាល​ពី​ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន Arm បានគំរាមកំហែងថា នឹងបញ្ចប់កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Qualcomm ចំពេលមានជម្លោះលើបច្ចេកវិទ្យាដែលផ្តល់ថាមពលដល់បន្ទះឈីបកុំព្យូទ័រផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន Qualcomm។ តែយ៉ាងណា នៅក្នុងខែធ្នូក្រុមហ៊ុន Qualcomm បានទទួលជ័យជម្នះនៃការកាត់ក្តីមួយក្នុងជម្លោះផ្លូវច្បាប់ជាមួយ Arm ដោយគណៈវិនិច្ឆ័យបានរកឃើញថា បន្ទះឈីបកុំព្យូទ័រផ្ទាល់ខ្លួនរបស់ Qualcomm ត្រូវបានផ្តល់អាជ្ញាប័ណ្ណត្រឹមត្រូវក្រោមកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណរបស់ខ្លួនជាមួយ Arm។ ប៉ុន្តែ ក្នុងអំឡុងពេលនោះ គណៈវិនិច្ឆ័យមិនអាចឈានដល់សាលក្រមជាឯកច្ឆ័ន្ទលើសំណួរផ្សេងទៀតដែលបង្ហាញនៅឯការជំនុំជម្រះនោះទេ ហើយ Arm បានដាក់សំណើសម្រាប់ការកាត់ក្តីថ្មីមួយបន្ថែមទៀត។

តែបើតាមការគូសបញ្ជាក់ពី Qualcomm ថ្មីៗនេះបានឱ្យដឹងថា ការគំរាមកំហែងត្រូវបានដកចេញ។ ខណៈលោក Amon បានប្រាប់អ្នកវិភាគតាមរយៈការហៅទូរស័ព្ទក្នុងអំឡុងការពិភាក្សាអំពីលទ្ធផលត្រីមាសទី១ របស់ក្រុមហ៊ុនថា «Arm ថ្មីៗនេះបានជូនដំណឹងដល់ពួកយើងថា ខ្លួនកំពុងដកការជូនដំណឹងអំពីការបំពាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ហើយបញ្ជាក់ថាខ្លួនមិនមានគម្រោងបច្ចុប្បន្នដើម្បីបញ្ចប់កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណស្ថាបត្យកម្ម Qualcomm នោះទេ»

គួរជម្រាបថា ប្រកាសនេះ នឹងអនុញ្ញាតឱ្យ Qualcomm អាចបន្តអភិវឌ្ឍ និងលក់បន្ទះឈីបដែលមានមូលដ្ឋានលើ Arm ដោយគ្មានបញ្ហាប្រឈមផ្លូវច្បាប់ណាមួយពី Arm នោះឡើយ៕