(ភ្នំពេញ)៖ កម្មវិធីពានរង្វាន់ទំនួលខុសត្រូវសង្គមឆ្នើមលើកទី៦ របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ វីង ក្នុងការពន្លឿនការប្រើប្រាស់ឌីជីថល និងផ្តល់ចំណេះដឹងហិរញ្ញវត្ថុសំខាន់ៗ ទៅដល់សិស្ស-និស្សិតជាង ៥.០០០នាក់។ ធនាគារ វីង (ខេមបូឌា) ម.ក ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួនពីរបន្ថែមទៀត ពីកម្មវិធីពានរង្វាន់ទំនួលខុសត្រូវសង្គមឆ្នើមលើកទី៦ របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។ ការទទួលស្គាល់ទាំងនេះបានគូសបញ្ជាក់បន្ថែម ពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ វីង ក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកឌីជីថលនៅកម្ពុជា។

លោក ហោ ប៊ុនថែ អគ្គនាយករង នៃធនាគារ វីង បានមានប្រសាសន៍ថា «នៅធនាគារ វីង យើងជឿជាក់ថាការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសមត្ថភាពឌីជីថល គឺជាមូលដ្ឋានគ្រឹះនៃអនាគតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ពានរង្វាន់ទាំងនេះ គឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ក្នុងការបំពាក់បំប៉នធនធានមនុស្សជំនាន់ក្រោយនូវចំណេះដឹង ព្រមទាំងជំនួយផ្សេងៗដែលពួកគេត្រូវការ ដើម្បីទទួលបានជោគជ័យនៅក្នុងពិភពឌីជីថល ដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក»

ពានរង្វាន់បរិយាប័ន្នឌីជីថល៖ ការជំរុញកំណើននវានុវត្តន៍ និងសហគ្រិនភាព ធនាគារ វីង ត្រូវបានផ្តល់កិត្តិយសតាមរយៈការទទួលបានពានរង្វាន់បរិយាប័ន្នឌីជីថល សម្រាប់ភាពជាដៃគូរយៈពេលវែង ជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ»។ ចាប់តាំងពីឆ្នាំ២០២០មក ធនាគារ វីង បានផ្តល់ការគាំទ្រលើគំនិតផ្តួចផ្តើមជាច្រើន ដើម្បីជំរុញនវានុវត្តន៍ និងសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា ដែលកម្មវិធីទាំងនោះរួមមាន កម្មវិធីនវានុវត្តន៍បញ្រ្ចាសចាប់ពីរដូវកាលទី១ រហូតដល់ទី៤, កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល, កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលឆ្នាំ២០២២, ២០២៣ និង២០២៥, កម្មវិធី Turing Hackathon រដូវកាលទី ៦និង៧ ព្រមទាំងដំណើរទស្សនកិច្ចរយៈពេល៦ថ្ងៃ ទៅកាន់ប្រទេសវៀតណាមជាដើម។

ធនាគារ វីង មិនត្រឹមតែឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមយ៉ាងសកម្មលើដំណើរការវាយតម្លៃដាក់ពិន្ទុ នៅក្នុងកម្មវិធីនីមួយៗ ព្រមទាំងចូលរួមដោយផ្ទាល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីខ្លួនជួយទៅដល់ការអភិវឌ្ឍប្រព័ន្ធធុរកិច្ចថ្មីនៅក្នុងប្រទេសផងដែរ។

ពានរង្វាន់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ៖ ពង្រឹងអនាគតរបស់កម្ពុជាជាមួយនឹងចំណេះដឹង ធនាគារ វីង ក៏ទទួលបានពានរង្វាន់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់ភាពជាដៃគូជាមួយ អេបកត់លុយ ទៅលើគម្រោង «លុយ និងយុវជន» ដែលបានធ្វើឡើងចាប់ពី ខែតុលា ឆ្នាំ២០២៤។ កម្មវិធីនេះនឹងជួយឱ្យនិស្សិតជាង ៥.០០០នាក់ មកពីសាលាបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងសាកលវិទ្យាល័យនានានៅក្នុងខេត្តចំនួន៨ នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុដ៏សំខាន់ ដើម្បីរៀបចំពួកគេឱ្យទទួលបានជោគជ័យ នៅក្នុងសេដ្ឋកិច្ចឌីជីថលដែលកំពុងវិវត្តទៅមក។

គំនិតផ្តួចផ្តើមនេះ ស្របតាមយុទ្ធសាស្ត្រជាតិស្តីពីបរិយាប័ន្នហិរញ្ញវត្ថុ ២០១៩-២០២៥ ដែលមានគោលបំណងពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការពី៥៩% ទៅ៧០% នៅឆ្នាំ២០២៥ ដោយផ្តោតលើការកាត់បន្ថយអាត្រាប្រជាជន ដែលមិនមានគណនីធនាគារ ជាពិសេសគឺស្ត្រីតែម្តង។ ជាមួយគ្នានេះ កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ វីង លើបរិយាប័ន្នឌីជីថលបានគាំទ្រ ទៅដល់ផែនទីបង្ហាញផ្លូវអភិឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជួយអភិវឌ្ឍកម្លាំងពលកម្មផ្នែកបច្ចេកវិទ្យា និងមានសមត្ថភាពក្នុងការជំរុញការផ្លាស់ប្តូរឌីជីថលនៅតាមក្រុមហ៊ុនអាជីវកម្ម ស្ថាប័នរដ្ឋាភិបាល និងសហគមន៍។

ការទទួលស្គាល់ចំពោះការប្តេជ្ញាចិត្តឥតឈប់ឈរលើកម្មវិធីទំនួលខុសត្រូវសង្គម៖

ពានរង្វាន់ដែលធនាគារ វីង បានឈ្នះនៅក្នុងកម្មវិធីពានរង្វាន់ទំនួលខុសត្រូវសង្គមឆ្នើមលើកទី៦ របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា គឺជាពានរង្វាន់ដែលធនាគារ វីង បានឈ្នះរយៈពេល២ឆ្នាំជាប់ៗគ្នា ហើយនេះគឺជាសក្ខីភាពចំពោះការខិតខំប្រឹងប្រែង លើទំនួលខុសត្រូវសង្គមដ៏ឆ្នើមរបស់ធនាគារមួយនេះ។ ធនាគារ វីង នៅតែប្តេជ្ញាចិត្តធ្វើឱ្យមានផលវិជ្ជមានយូរអង្វែង នៅក្នុងសហគមន៍ដែលខ្លួនបម្រើ ដោយផ្តោតលើគំនិតផ្តួចផ្តើមទាំងឡាយណា ដែលលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាប័ន្នឌីជីថល និងការពង្រឹងសេដ្ឋកិច្ច។

ការចាប់ផ្តើមឆ្នាំ២០២៥ ជាមួយភាពខ្លាំងក្លា៖

ការប្តេជ្ញាចិត្តបន្តទៅកាន់ឧត្តមភាព កម្មវិធីពានរង្វាន់ទំនួលខុសត្រូវសង្គមឆ្នើមលើកទី៦ របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ដ៏មានកិត្យានុភាពទាំងពីរនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីត្រូវបានទទួលស្គាល់អំពីសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់ខ្លួន នៅក្នុងកម្មវិធីពានរង្វាន់ឆ្នើមរបស់ក្រុមហ៊ុនម៉ាស្ទ័តកាតឆ្នាំ២០២៤ ដោយបានទទួលពានរង្វាន់ឆ្នើមរហូតដល់ទៅ៣ ដែលធ្វើឱ្យឆ្នាំ២០២៥ ជាឆ្នាំនាំមកនូវការចាប់ផ្តើមដ៏ល្អបំផុតសម្រាប់ធនាគារ វីង ក៏ដូចជាពង្រឹងជំហររបស់ខ្លួន ក្នុងនាមជាធនាគារឈានមុខគេក្នុងវិស័យធនាគារឌីជីថល និងកម្មវិធីទំនួលខុសត្រូវសង្គម។

លោក ហោ ប៊ុនថែ បានបន្ថែមថា «យើងខ្ញុំពិតជាមានកិត្តិយសចំពោះការទទួលស្គាល់នេះ ហើយនៅតែប្តេជ្ញាធានាថា ប្រជាជនកម្ពុជាគ្រប់រូបមានលទ្ធភាពទទួលបានចំណេះដឹងហិរញ្ញវត្ថុ និងជំនាញឌីជីថលដែលពួកគេត្រូវការដើម្បីភាពរីកចម្រើន។ យើងទើបតែចាប់ផ្តើមប៉ុណ្ណោះ ហើយយើងនឹងបន្តការងាររបស់យើងទៅមុខទៀត ដើម្បីជំរុញការផ្លាស់ប្តូរជាវិជ្ជមាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងប្រទេសកម្ពុជា»