(លីវើភូល)៖ Liverpool បន្តធ្វើដំណើរទៅការពារតំណែងជើងឯក League Cup ដែលពួកគេឈ្នះរដូវកាលមុន ក្រោយពេលវាយបកឈ្នះគូប្រជែង Tottenham Hotspur ដោយលទ្ធផល ៤-១ ទាំង ២ជើងនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចមក។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយនាថ្ងៃសុក្រ ទី០៧ ខែកុម្ភៈនេះថា ហង្សក្រហមបានបំបាក់សមាជិកលេងនៅ Premier League ដូចគ្នាមិនឱ្យតដៃរួចឡើយនាយប់មិញនេះ ក្នុងប្រកួតបិទបញ្ចប់ជើងទី២ នៃវគ្គ ៤ក្រុមចុងក្រោយ បន្ទាប់ពីពួកគេបានរងបរាជ័យត្រឹម ១ទល់នឹង០ កាលពីជើងទី១ ក្នុងទឹកដីរបស់មាន់ខ្នាយមាស Spurs។

Liverpool ត្រូវប្រជែងទល់នឹងក្រុមអ្នកមានថ្មី និងកំពុងឡើងសារិកាព្រៃ Newcastle United ដែលបានទម្លាក់កាំភ្លើងធំ Arsenal ៤-០ ទាំង ២ជើង នារាត្រីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋានជាតិអង់គ្លេស Wembley ដើម្បីប្រជែងជើងឯកពានលំដាប់ទី៣ League Cup 2024-25។

ក្នុងប្រកួតនៅកីឡដ្ឋាន Anfield នោះដែរ ក្រុមកំពូលតារាង Premier League បច្ចុប្បន្ន មានកីឡាករ ៤នាក់រួមចំណែករកបានម្នាក់ ១គ្រាប់ដូចគ្នារួមមាន Gakpo, Salah, Szoboszlai និង Van Dijk៕