(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា គ្រោងនឹងបង្កើនដើមទុនវិនិយោគដល់ជាង ១០០ពាន់លានដុល្លារនៅក្នុងបញ្ញាសិប្បនិម្មិត្ត AI នៅឆ្នាំ២០២៥ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពី ៨៣ ពាន់លានដុល្លារដែលបានចំណាយក្នុងឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី០៦​ ខែកុម្ភៈ ឆ្នាំ២០២៥។

នាយកប្រតិបត្តិ (CEO) លោក Andy Jassy បានធ្វើការព្យាករណ៍កាលពីខែតុលាដោយរំពឹងថា ការចំណាយដើមទុនរប​ស់ក្រុមហ៊ុនសម្រាប់ឆ្នាំ២០២៥ នឹងមានប្រហែល ១០៥.២ ពាន់លានដុល្លារ។ ខណៈលោកគូសបញ្ជាក់ថា ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំ២០២៤​ ក្រុមហ៊ុនបានចំណាយអស់ ២៦.៣ពាន់លានដុល្លារ ដូច្នេះលោកជឿថាតួលេខនេះ គឺសមហេតុផលនៃអ្វីដែលត្រូវរំពឹងសម្រាប់អត្រាចំណាយកើនឡើងខ្ពស់ប្រចាំឆ្នាំនៅឆ្នាំ២០២៥។ លោក Jassy បានឱ្យដឹងបន្ថែមទៀតថា «ការចំណាយភាគច្រើន គឺទៅលើ AI សម្រាប់ AWS»

Amazon កំពុងបោះទុនដ៏ធំសម្បើមនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ឧបករណ៍បណ្តាញ network និងផ្នែក Hardware ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់ AI។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនយក្សនេះ ក៏បានណែនាំផលិតផល AI ជាច្រើនដូចជាម៉ូដែល Nova, បន្ទះសៀគ្វី Trainium, chatbot ទិញទំនិញ និង Bedrock ដែលជាទីផ្សារសម្រាប់ម៉ូដែលភាគីទីបីផងដែរ។

បើទោះបីជាស្ថានភាពបច្ចុប្បន្នរបស់​ Amazon កំពុងប្រឈមនឹងការធ្លាក់ចុះក៏ដោយ CEO លោក Jassy បានព្យាយាមធានាដល់អ្នកវិនិយោគថា ការកើនឡើងនៃការចំណាយនឹងមានប្រយោជន៍ ដោយហៅវាថាជា «ប្រភេទឱកាសអាជីវកម្មម្តងក្នុងមួយជីវិត»។ Jassy បាននិយាយថា «ខ្ញុំគិតថាទាំងអាជីវកម្មរបស់យើង អតិថិជន និងម្ចាស់ភាគហ៊ុនរបស់យើងនឹងសប្បាយចិត្ត ពីមធ្យមទៅរយៈពេលវែង ខណៈពេលដែលយើងកំពុងស្វែងរកឱកាសដើមទុន និងឱកាសអាជីវកម្មនៅក្នុង AI»

គួរជម្រាបថា Amazon បាននឹងកំពុងប្រកួតប្រជែងក្នុងការវិនិយោគលើ AI កាន់តែខ្លាំងឡើងពីដៃគូប្រកួតប្រជែងដូចជា OpenAI និង Google ស្របពេលដែល ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតក៏កំពុងបង្កើនការវិនិយោគ AI របស់ពួកគេផងដែរ។ ក្នុងនោះមេធំរបស់ Google គឺ Alphabet រំពឹងថានឹងវិនិយោគប្រហែល ៧៥ពាន់លានដុល្លារក្នុងការចំណាយមូលធននៅឆ្នាំនេះ ខណៈដែល Microsoft គ្រោងចំណាយ ៨០ពាន់លានដុល្លារ លើមជ្ឈមណ្ឌលទិន្នន័យដើម្បីគាំទ្របន្ទុកការងាររបស់ AI ហើយ Meta គ្រោងនឹងចំណាយរហូតដល់ ៦៥ពាន់លានដុល្លារដើម្បីបង្កើនមជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ៕