(ម៉ូនិច)៖ ខ្សែប្រយុទ្ធ Harry Kane រកបាន ២គ្រាប់ដោយបាល់ ១១ម៉ែត្រ ក្នុងការរួមចំណែកជួយក្រុមខ្លារខិន Bayern Munich បំបាក់ Werder Bremen មិនឱ្យតដៃរួចក្រោមលទ្ធផល ៣ទល់នឹង០ នាយប់មិញនេះ ដើម្បីបន្តនាំមុខកំពូលតារាង Bundesliga ៩ពិន្ទុដាច់ផងដែរ។

នេះមានន័យថា ប្រធានក្រុមអង់គ្លេសខាងលើនេះ រកបាន ២១គ្រាប់ច្រើនជាងគេផងដែរនារដូវកាលឆ្នាំ២០២៤-២៥ និងសរុបជាមួយ ៥៧គ្រាប់ ពីការចូលលេងបាន ៥១ប្រកួតនៅ Bundesliga គិតចាប់តាំងពីផ្ទេរមកទឹកដីអាល្លឺម៉ង់។

កីឡាករវ័យ ៣១ឆ្នាំ Kane រកបានគ្រាប់បើកឆាក នៅពេលចាប់ផ្តើមលេងវគ្គទី២ បាន ១១នាទីដោយបាល់ប៉េណាល់ទី ដោយបាល់ប៉ះដៃខ្សែការពារ Anthony Jung របស់ក្រុមភ្ញៀវនៅកីឡដ្ឋាន Allianz Arena នៅមុនពេលមិត្តរួមក្រុម Leroy Sane រកបានគ្រាប់ទី២ សម្រាប់ Bayern នៅនាទី៨២ និងប៉េណាល់ទី២ បាល់ ១១ម៉ែត្រជាលើកទី២ នៅនាទី៩០+៧។

តាមរយៈជ័យជម្នះនេះដែរ បានញាំងឱ្យក្រុមរបស់លោក Vincent Kompany នាំមុខកំពូលតារាងដាច់ ៩ពិន្ទុ ពីក្រុមការពារតំណែងជើងឯក Bayer Leverkusen ដែលពួកគេ (Leverkusen) នៅសល់ ១ប្រកួតក្នុងដៃត្រូវលេងទល់នឹង Wolfsburg នៅរាត្រីថ្ងៃសៅរ៍នេះ។ Bayern ក៏ត្រូវលេងវគ្គជម្រុះ UCL ជើងទី១ ទល់នឹង Celtic នារាត្រីថ្ងៃពុធសប្តាហ៍នេះដែរ៕