(មេនឆេស្ទើ)៖ ក្រុមការពារតំណែងជើងឯក Manchester United បានឡើងទៅជុំទី៥ នៃពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup 2024-25 ជាបន្តទៀត នៅពេលវាយបកឈ្នះគូប្រជែងនៅ Premier League ដូចគ្នាគឺ Leicester City ២-១ នៅរាត្រីថ្ងៃសុក្រ។

ខ្សែការពារ Harry Maguire ជាអ្នកតែតគ្រាប់ជ័យជម្នះនៅនាទី៩០+៣ ពីការបញ្ជូនរបស់មិត្តរួមក្រុម Bruno Fernandes នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៧ម៉ឺននាក់ក្នុងកីឡដ្ឋាន Old Trafford ដែលជាវាយបកដ៏មានប្រសិទ្ធភាព បន្ទាប់ពីក្រុមរបស់លោក Ruud van Nistelrooy បានបើកឆាកនាំមុខ ១គ្រាប់មុនតាំងពីនាទី៤២ ចុងវគ្គទី១ មក។

កីឡាករ Joshua Zirkzee ជាអ្នករកគ្រាប់តាមស្មើសម្រាប់បិសាចក្រហមនៅនាទី៦៨ គ្រាដែល Alejandro Garnacho ជា Man of the Match ប្រចាំការប្រកួតនេះ។

Man Utd ដែលកំពុងធ្លាក់ទម្រង់លេងខ្លាំងក្នុងលីគ គិតចាប់តាំងពីគ្រូបង្វឹកថ្មី លោក Ruben Amorim ចូលកាន់តំណែងជំនួសលោក Erik ten Hag នាខែវិច្ឆិកា ឆ្នាំ២០២៤ មក ពួកគេបានធ្លាក់ដល់លេខរៀងទី១៣ នៅ Premier League។ ជ័យជម្នះពាន FA Cup ឬក៏ Europa League រដូវកាលនេះ ជាផ្លូវការតែមួយគត់ ក្នុងការជួយពួកគេបានលេងពានអឺរ៉ុប រដូវកាលក្រោយ៕