(ភ្នំពេញ)៖ កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា មឿនលីម សុបញ្ញា បានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ Jiu-Jitsu World League California X លើទឹកដីអាមេរិក បន្ទាប់ពីទទួលបានជ័យជម្នះ ៤ប្រកួតជាប់គ្នា ។ នេះបើតាមការបញ្ជាក់លើបណ្ដាញសង្គមផ្លូវការរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ប្រភពខាងលើ បានបញ្ជាក់ថា កីឡាករ មឿនលីម សុបញ្ញា ដែលបានឈ្នះមេដាយមាស នៅក្នុងកម្មវិធី Jiu-Jitsu World League California X ក្នុងវិញ្ញាសារឯកត្តជនបុរស Gi, កម្រិតខ្សែខៀវ និងទម្ងន់ក្រោម ៨២.៥គីឡូក្រាម ។ វិញ្ញាសានេះ មានបេក្ខភាពចុះឈ្មោះចូលរួម ២២នាក់ ខណៈ សុបញ្ញា ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះ ៤ប្រកួត ក្នុងនោះបានផ្ដួលដៃគូឲ្យចុះចាញ់ ៣ប្រកួត ។
លោក Jasper Paas អនុប្រធានសហព័ន្ធ និងជាគ្រូបង្វឹកក្រុមកីឡាជឺជីតស៊ូកម្ពុជា បានសម្ដែងការភ្ញាក់ផ្អើល ចំពោះការសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យនេះ បន្ទាប់ពីការបញ្ជូនរូបគេ ទៅបោះជំរុំហ្វឹកហាត់រយៈពេល ៣ខែ នៅសហរដ្ឋអាមេរិក ។ លោកបានចាត់ទុកជ័យជម្នះនេះ សបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើននូវសមត្ថភាព និងបច្ចេកទេសរបស់ សុបញ្ញា ហើយក៏ជាសញ្ញាណដ៏ល្អ សម្រាប់ការត្រៀមប្រកួតអន្ដរជាតិធំៗសម្រាប់ឆ្នាំនេះ រួមទាំងស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ២០២៥ នេះផងដែរ ៕