(ឡុងដ៍)៖ ហង្សក្រហម Liverpool បានជ្រុះចេញពីពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup 2024-25 ត្រឹមជុំទី៤ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះ Plymouth Argyle ១ទល់នឹង០ នាយប់មិញនេះ គ្រាដែលសល់ពាន ៣ទៀតផ្សេងទៀត ដែលត្រូវប្រជែង។

Plymouth ដែលទើបដកគ្រូបង្វឹក Wayne Rooney ចេញពីតួនាទី ស្របពេលកំពុងឈរទីបាតតារាង នៃក្របខណ្ឌទី២ Championship បានយកឈ្នះក្រុមកំពូលតារាង Premier League របស់លោក Arne Slot ដោយបាល់ ១១ម៉ែត្រ ដោយកីឡាករ Hardie នៅនាទី៥៣ នៅកីឡដ្ឋាន Home Park។

FA Cup ជាពានតែមួយគត់ដែល Plymouth ត្រូវប្រជែងនារដូវកាលនេះ ដ្បិត Liverpool ងាកទៅផ្តោតអារម្មណ៍ពាន Premier League, League Cup និង UEFA Champions League។ ពួកគេត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះ Everton សម្រាប់រាត្រីថ្ងៃពុធសប្តាហ៍ក្នុងលីគជាបន្តទៀត។

នេះជាការខកចិត្តដ៏ធំបំផុតមួយផងដែរសម្រាប់អ្នកចាត់ការទូទៅ Arne Slot ក្នុងរដូវកាលដំបូងរបស់លោកនៅ Anfield គ្រាដែលពួកគេមិនអាចឆ្លងចូលជុំទី៥ នៃ FA Cup បាន៕