(បរទេស)៖ លោក Elon Musk បាននិយាយថា គាត់មិនចាប់អារម្មណ៍នឹងការទិញ TikTok ដែលជាកម្មវិធីវីដេអូខ្លីដ៏ពេញនិយម ដែលត្រូវបានសហរដ្ឋអាមេរិកកំពុងព្យាយាមហាមឃាត់ជុំវិញបញ្ហាសន្តិសុខជាតិជាមួយម្ចាស់ក្រុមហ៊ុនធំ ByteDance ដែលមានមូលដ្ឋាននៅចិននោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump បាននិយាយថា គាត់បើកចំហឱ្យ Musk ទិញកម្មវិធីដែលគ្រប់គ្រងដោយ ByteDance ប្រសិនបើគាត់ចង់ធ្វើដូច្នេះ ប៉ុន្តែជាការឆ្លើយបត នៅចុងសប្ដាហ៍កន្លងទៅនេះ លោក Elon Musk បានចេញមកបង្ហាញ​អារម្មណ៍ថា «ខ្ញុំ​មិន​បាន​ដាក់​ដេញថ្លៃ​សម្រាប់ទិញយក TikTok នោះទេ»

លោកបានបន្ថែមទៀតថា «ខ្ញុំមិនមានគម្រោងសម្រាប់ធ្វើអ្វីនោះទេ បើសិនជាខ្ញុំមាន TikTok» «ខ្ញុំមិនស្ទាក់ស្ទើរក្នុងការទិញ TikTok ទេ បើសិនជាវាជាក្រុមហ៊ុនមិនធម្មតា ហើយជាទូទៅខ្ញុំកម្រណាស់​ទិញក្រុមហ៊ុនធម្មតាៗណាស់។ ការទិញយកប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ដែលឥឡូវនេះហៅថា X គឺមិនធម្មតាទេ»។ «ជាធម្មតា ខ្ញុំបង្កើតក្រុមហ៊ុនតាំងពីដំបូង»

ByteDance ត្រូវបានផ្តល់ឱ្យថ្ងៃផុតកំណត់ខែមករា ដើម្បីលក់ទ្រព្យសម្បត្តិអាជីវកម្ម TikTok នៅអាមេរិក ឬប្រឈមមុខនឹងការហាមឃាត់ បន្ទាប់ពីមានការព្រួយបារម្ភរបស់សមាជិកសភាថាកម្មវិធីនេះបង្កហានិភ័យសន្តិសុខជាតិ ដោយសារតែប្រទេសចិនអាចបង្ខំក្រុមហ៊ុនឱ្យចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់សហរដ្ឋអាមេរិករបស់ខ្លួន។ TikTok បានបដិសេធថាខ្លួនមិនមាន ឬមិនធ្លាប់ចែករំលែកទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក។

Apple និង Google មិនបានបញ្ចូល TikTok ឡើងវិញទៅហាងកម្មវិធីរបស់ពួកគេទេ ចាប់តាំងពីច្បាប់របស់សហរដ្ឋអាមេរិកចូលជាធរមាន។ TikTok បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android នៅសហរដ្ឋអាមេរិក អាចទាញយកកញ្ចប់​កម្មវិធីនៅលើគេហទំព័ររបស់ខ្លួន ដែលវាជាកិច្ចខិតខំប្រឹងប្រែងដើម្បីចៀសវាងការរឹតបន្តឹងលើវេទិកាដ៏ពេញនិយមនៅក្នុងប្រទេស។

លោក Trump បាននិយាយថាគាត់កំពុងពិភាក្សាជាមួយមនុស្សជាច្រើនជុំវិញការទិញ TikTok ហើយទំនងជានឹងមានការសម្រេចចិត្តលើអនាគតរបស់កម្មវិធីនៅក្នុងខែនេះ ខណៈដែលវាមានអ្នកប្រើប្រាស់នៅអាមេរិកប្រហែល ១៧០ លាននាក់។

ក្នុងសប្តាហ៍នេះ លោកប្រធានាធិបតីបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីបង្កើតមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពក្នុងឆ្នាំនេះ ដោយនិយាយថាវាអាចទិញ TikTok បាន៕