(បរទេស)៖ FC Barcelona បានបន្ថយគំលាតមកនៅត្រឹម ២ពិន្ទុវិញក្រុមកំពូលតារាងលីគ La Liga គឺ Real Madrid នៅពេលពួកគេយកឈ្នះម្ចាស់ផ្ទះ Sevilla ៤-១ នាយប់មិញនេះ។
កីឡាករ Fermin Lopez ជាអ្នករកបានគ្រាប់នាំមុខ ២-១ មុនពេល ១៥នាទីបន្ទាប់ ត្រូវបានពិន័យកាតក្រហម ដោយសារបង្កកំហុសទៅលើគូប្រជែង Djibril Sow ដែលផ្តល់ដោយ VAR។
ក្នុងប្រកួតដែលមានអ្នកទស្សនាផ្ទាល់ជិត ៤ម៉ឺននាក់នោះដែរ ខ្សែប្រយុទ្ធ Robert Lewandowski ជាអ្នករកបានគ្រាប់នាំមុខសម្រាប់ក្រុមរបស់លោក Hansi Flick ដែលទើបលេងបាន ៧នាទីប៉ុណ្ណោះ មុនពេលកីឡាករ Ruben Vargas រកគ្រាប់តាមស្មើ ១-១ នៅនាទីទី៨។
យ៉ាងណាក៏ដោយ Raphinha ដែលផ្លាស់ចេញពី Leeds United ទៅចូលរួមជាមួយ Barcelona ឆ្នាំ២០២២ ក៏រួមចំណែករកបាន ១គ្រាប់ផងដែរនៅនាទី៥៥ និង Eric Garcia ធ្វើបានគ្រាប់ទី៤ នៅនាទីចុងម៉ោង។
តាមរយៈលទ្ធផលនេះដែរនាំឱ្យក្រុមអ្នកមានបុណ្យ Barcelona រកបាន ៤៨ពិន្ទុ ក្រោយឆ្លងកាត់បាន ២៣ប្រកួតជើងទី២ បន្តប្រដេញតំណែងកំពូលតារាង La Liga និងក្រុមការពារតំណែងជើងឯក Real Madrid ផងនោះ មកនៅត្រឹម ២ពិន្ទុវិញ និងត្រឹម ១ពិន្ទុទៀតផងពីក្រុមលេខ២ Atletico Madrid៕