(ភ្នំពេញ)៖ គិតត្រឹមសប្ដាហ៍ទី២១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤-២៥ បានរកឃើញបេក្ខភាព Top-6 ជាផ្លូវការ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺបេក្ខភាពឈរពូលតារាងបណ្ដោះអាសន្ន ត្រូវបានផ្លាស់ប្ដូរ បន្ទាប់ពីភ្នំពេញក្រោន បានត្រឹមស្មើអង្គរថាយហ្គឺរ ដែលនាំឲ្យក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ឡើងឈរកំពូលតារាងជំនួសវិញ ។

សម្រាប់ជំនួបជើងទី២ ដ៏ជក់ចិត្តនៅកីឡដ្ឋានអាគីហ៊ីរ៉ូ កាតូ កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ភ្នំពេញក្រោន បានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន ដែលធ្វើសម្រេចដោយកីឡាករ Jelle Goselink នៅនាទី១៩ ហើយលទ្ធផលនេះ បានរក្សាដល់ចប់វគ្គទី១ មុនអង្គរថាយហ្គឺរ រកបានគ្រាប់តាមស្មើ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Nagashima Kodai បន្ទាប់ពីអ្នកចាំទី សាវែង សំណាង បង្កកំហុសលើខ្សែប្រយុទ្ធ គី រីណា ក្នុងប្រអប់គ្រោះថ្នាក់ ។

ក្រោយរកបានគ្រាប់តាមស្មើ ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង ពិសេសភ្នំពេញក្រោន ដែលត្រូវការជ័យជម្នះ ដើម្បីរក្សាកៅអីកំពូលតារាង តែពួកគេ ពុំអាចទម្លាយរបាំងការពារក្រុមម្ចាស់ផ្ទះបានឡើយ ទោះបីអង្គរថាយហ្គឺរ សល់គ្នាត្រឹម ១០នាក់លើទីលាន បន្ទាប់ពីកីឡាករ សុខគ្រី សូហ្វាន រងពិន័យកាតក្រហម នៅនាទី៨៥ ក៏ដោយ ។ មិនតែប៉ុណ្ណោះ នៅចុងម៉ោង ក្រុមខ្លាទឹកក្រូច ថែមទាំងមានឱកាសស៊ុតលើក្រុមភ្ញៀវជាច្រើនដង តែធ្វើមិនបានសម្រេចដូចគ្នា នាំឲ្យជំនួបដ៏តានតឹងនេះ បញ្ចប់ត្រឹមស្មើគ្នា ១-១ ។

ជាមួយការចែកគ្នា ១ពិន្ទុជាមួយក្រុមអង្គរថាយហ្គឺរ ដែលខ្លួនធ្លាប់ឈ្នះក្នុងដី ៣-១ កាលពីជើងទី១ នេះ នាំឲ្យភ្នំពេញក្រោន របូតកៅអីកំពូលតារាង ធ្លាក់មកឈរលេខរៀងទី២ វិញ ដោយរកបាន ៤៨ពិន្ទុ ពោលគឺចាញ់ប្រៀបក្រុមព្រះខ័នរាជស្វាយរៀង ១ពិន្ទុ បន្ទាប់ពីក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ បានយកឈ្នះក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ ៣-១ ។ ការណ៍នេះ នាំឲ្យក្រុមការពារតំណែងជើងឯក ឡើងឈរកំពូលតារាងពិន្ទុបណ្ដោះអាសន្ន ដោយរកបាន ៤៩ពិន្ទុ ក្រោយខកខានអស់រយៈពេលជាច្រើនសប្ដាហ៍ ។

ដោយឡែកបេក្ខភាពចុងក្រោយ នៃកៅអី Top-6 ដែលទើបរកឃើញ គឺក្រុមបឹងកេត បន្ទាប់ពីពួកគេបានយកឈ្នះលើគូប្រជែង ISI ដង្កោសែនជ័យ យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៨-១ ដើម្បីបញ្ចប់ឱកាសក្រុមដំរីជ័យនេះ ។ គ្រាប់បាល់ជ័យជម្នះ ដែលជួយបឹងកេត ធានាកៅអី Top-6 រកបានដោយមកីឡាកររ សៀង ចន្ធា ៣គ្រាប់, ម៉ាត់ ណូរុណ ២គ្រាប់, អាវ សុវណ្ណារ៉ា, Golubovic Stefan និង Yoshihama Ryohei ម្នាក់ ១គ្រាប់ ៕