(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទះពានរង្វាន់ «តេជោលីគ» ឆ្នាំ២០២៤-២៥ បានបន្ដការប្រកួតជុំទី២ និងបានរកឃើញបេក្ខភាព ២ក្រុមមុនគេ បានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (១/២) គឺមានក្រុមស្នងការដ្ឋាននគរបាលខេត្ដស្វាយរៀង និងក្រសួងមហាផ្ទៃ ក្រោយរកបាន ៩ពិន្ទុពេញពីយកបានជ័យជម្នះ ៣ប្រកួតជាប់គ្នារៀងៗខ្លួន ។
ស្ថិតក្នុងការប្រកួតនេះផងដែរ ក្រុមខ្លាំងវិសាខា កំពុងប្រឈមនឹងការរបូតឱកាសប្រជែងពាន ដ្បិតមិនទាន់មានពិន្ទុរាប់នៅឡើយ ក្រោយលេងចាញ់ ៣ប្រកួតផ្ទួនៗ ។
សម្រាប់ក្រុមស្នងការដ្ឋាននគរបាលខេត្ដស្វាយរៀង បានចាប់ផ្ដើមយ៉ាងល្អ ជាមួយការយកឈ្នះ ៣-០ (សិត) ដូចៗគ្នា លើក្រុមបញ្ជាការដ្ឋានអង្គរក្ស, កងពលធំអន្ដរាគមន៍លេខ៣ និងវិសាខា ។ រីឯ ៣ប្រកួតដំបូងរបស់ក្រសួងមហាផ្ទៃវិញ គឺបានយកឈ្នះក្រុមកងពលធំអន្ដរាគមន៍លេខ៣ ៣-១(សិត) ហើយបានយកឈ្នះក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រុមបញ្ជាការដ្ឋានអង្គរក្ស ៣-០(សិត) ។ ជ័យជម្នះនេះ នាំឲ្យក្រុមទាំងពីរ រកបាន ៩ពិន្ទុពេញ ដើម្បីកក់កៅអីវគ្គ ១/២ ផ្ដាច់ព្រ័ត្រ ទោះបីសល់ ២ប្រកួតទៀតក្ដី ។
ក្រឡេកទៅមើលបេក្ខភាពជុំទី២ ចំនួន ៤ក្រុមផ្សេងទៀត ត្រូវរង់ចាំមើលលទ្ធផលការប្រកួតនៅសល់ ដើម្បីកំណត់ជោគវាសនាក្រុមឡើងបង្គ្រប់កៅអីវគ្គ ៤ក្រុមចុងក្រោយ ។ យ៉ាងណាមិញ ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងមានប្រៀបជាងគេ ដោយរកបាន ៦ពិន្ទុ ឈរលេខ៣ ។ ពួកគេត្រូវការត្រឹម ១ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីឡើងវគ្គបន្ដ ។ រីឯក្រុមបញ្ជាការដ្ឋានអង្គរក្ស រកបាន ៣ពិន្ទុ ឈរលេខ៤ បណ្ដោះអាសន្ន នាំមុខក្រុមវិសាខា និងកងពលធំអន្ដរាគមន៍លេខ៣ ដែលមិនទាន់មានពិន្ទុរ៉ាប់ ។ យ៉ាងណាក្រុមទាំង ៤ ត្រូវចាំអ៊ុតប្រកួតបន្ទាប់ដូចគ្នា នាចុងសប្ដាហ៍ក្រោយ ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទះក្របខណ្ឌលីគកំពូលនៅកម្ពុជា «តេជោលីគ» រដូវកាលថ្មីនេះ គឺមាន ៨ក្រុមចូលរួមប្រកួតជម្រុះជុំទី១ ហើយចម្រាញ់យក ៦ក្រុមមានពិន្ទុខ្ពស់ជាងគេ សម្រាប់បន្ដការប្រកួតជុំទី២ ។ សម្រាប់ជុំទី២ ក្រុមនីមួយៗ ត្រូវប្រកួតសន្សំពិន្ទុឡើយវិញ បន្ទាប់មកក្រុមមានពិន្ទុខ្ពស់ជាងគេ ៤ក្រុម នឹងត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងទម្រង់ការប្រកួតខ្វែងគ្នា ដោយក្រុមឈរលេខ១ ជួបក្រុមលេខ៤ និងក្រុមឈរលេខ២ ជួបក្រុមលេខ៣ ហើយក្រុមឈ្នះ នឹងត្រូវឡើងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រកួតដណ្ដើមជើងឯកតែម្ដង ៕