(ភ្នំពេញ)៖ ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំពិធីប្រគល់រង្វាន់ជូនអតិថិជនពី «ការផ្តល់ជូនពិសេស សម្រាប់អតិថិជនបណ្ណវីសាពហុរូបិយប័ណ្ណដំបូងគេនៅកម្ពុជា»។
ពិធីនេះបានប្រារព្ធឡើងនារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីថ្លែងអំណរគុណចំពោះអតិថិជនបណ្ណវីសាពហុរូបិយប័ណ្ណទាំងអស់ក្នុងប្រទេសកម្ពុជាចំពោះការគាំទ្រ និងការជឿជាក់។
គួររំឭកផងដែរ ការស្វែងរកអ្នកដែលមានសំណាងទាំង២៣រូបនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ។ ការជ្រើសរើសអ្នកទទួលបានរង្វាន់ក្នុងកម្មវិធីនេះ ត្រូវបានផ្តល់ឱកាសសម្រាប់អតិថិជន ដែលទិញទំនិញ ឬចំណាយលើសេវាកម្មផ្សេងៗនូវទឹកប្រាក់ចាប់ពី១០០ដុល្លារអាមេរិក ក្នុងមួយវិក្កយបត្រសម្រាប់ប្រតិបត្តិការចាប់ពីត្រឹមថ្ងៃ៣១ ខែតុលា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ តែប៉ុណ្ណោះ។
អ្នកមានសំណាងទាំង២៣រូបទទួលបាននូវផលិតផលម៉ាក Apple ល្បីៗជំនាន់ចុងក្រោយ រួមមានដូចជា៖ MacBook Pro M4 ចំនួន២រង្វាន់ iPhone 16 Pro Max ចំនួន៥រង្វាន់ Apple Watch Series 10 ចំនួន៧រង្វាន់ និង AirPod 4 ចំនួន៩រង្វាន់។
កម្មវិធីនេះប្រារព្ធឡើងដើម្បីជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន និងសាធារណជនទាំងអស់ដែលបានប្រើប្រាស់បណ្ណវីសាពហុរូបិយប័ណ្ណ សម្រាប់ការចំណាយផ្សេងៗដូចជា ការញាំអាហារ ទិញទំនិញនៅហាងផ្ទាល់ ក៏ដូចជាទិញទំនិញនៅតាមអនឡាញ។ បណ្ណវីសាពហុរូបិយប័ណ្ណភាពងាយស្រួល ជាមួយនឹងការផ្តល់ជូនអត្ថប្រយោជន៍ជាច្រើន និងជាពិសេសជួយសន្សំសំចៃ និងចំណេញច្រើនដល់អតិថិជនបើធៀបទៅនឹងបណ្ណវីសាទូទៅ។
លោក ផេង ភីនិត្យ នាយក នាយកដ្ឋានសេវាហិរញ្ញវត្ថុ តំណាងឱ្យធនាគារ អេស ប៊ី អាយ លី ហួរ «បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជន និងសាធារណជនទដែលបានប្រើប្រាស់ និងបន្តប្រើប្រាស់បណ្ណវីសាពហុរូបិយប័ណ្ណរបស់ ធនាគារ អេស ប៊ី អាយ លី ហួរ»។
លោកបានឱ្យដឹងទៀតថា «បច្ចុប្បន្ននេះ បណ្ណវីសាពហុរូបិយប័ណ្ណ មានរូបិយប័ណ្ណបរទេសចំនួនប្រាំបីក្នុងបណ្ណតែមួយដូចជា៖ KHR, USD, THB, SGD, EUR, AUD, GBP និង JPY ហើយក៏នឹងគ្រោងបន្ថែមនូវរូបិយប័ណ្ណជាច្រើនទៀតទៅតាមតម្រូវការក្នុងឆ្នាំ២០២៥នេះ។ ជាមួយនឹងបណ្ណវីសាពហុរូបិយប័ណ្ណរបស់ ធនាគារ អេស ប៊ី អាយ លី ហួរ លោកអ្នកអាចធ្វើដំណើរ និងទិញទំនិញដូចអ្នកក្នុងស្រុក»។
គួរបញ្ជាក់ផងដែរថា អតិថិជននៅតែអាចបន្តរីករាយនឹងអត្ថប្រយោជន៍ជាច្រើនក្នុងការប្រើប្រាស់បណ្ណវីសាគ្រប់ប្រភេទរបស់ធនាគារ អេស ប៊ី អាយ លី ហួរ រួមមាន៖ ទទួលបានទឹកប្រាក់ត្រឡប់វិញ១% រាល់ប្រតិបត្តិការចាប់ពីលើកទី២ និងទទួលបានទឹកប្រាក់ត្រឡប់វិញ៥% ឬ ៥០ដុល្លារអាមេរិក សម្រាប់រាល់ប្រតិបត្តិការលើកដំបូងក្នុងរយៈពេល៦០ថ្ងៃ។
សូមរំលឹកផងដែរថា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានបើកបម្រើសេវាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ នៅឆ្នាំ២០១២ ហើយបានប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយពីទទួលបានអាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូជាយុទ្ធសាស្រ្តរវាង លោកអ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុនជប៉ុនដ៏ធំ SBI Holdings, Inc។
បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ លី ហួរ មានបណ្តាញសាខាប្រតិបត្តិការទូទាំង២៥ខេត្ត និងរាជធានី ក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មជាង ១.០០០ លានដុល្លារអាមេរិក មានសាខាសរុបចំនួន៤៩ទីតាំង និងមានម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CRM) សរុបជាង៣០កន្លែង ដែលបានដាក់ដំណើរការនៅទីតាំងសក្តានុពលផ្សេងៗគ្នា។ ស្របពេលជាមួយគ្នានេះផងដែរ ធនាគារក៏កំពុងពង្រីកបណ្តាញសាខា និងដាក់បន្ថែមនូវម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CRM) សេវាផ្ទេរប្រាក់នៅក្នុងនិងក្រៅស្រុក តាមរយៈប្រព័ន្ធ Swift, Ripple, MoneyGram និងធនាគារចល័តឌីជីថលផងដែរ ដើម្បីពង្រីកវិសាលភាពប្រតិបត្តិការធនាគារក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនឱ្យកាន់តែល្អប្រសើរឡើង និងទៅតាមតម្រូវការរបស់អតិថិជន៕