(កោះកុង)៖ គម្រោងបុរី លន ស៉ីធី ឡូតធឺសអាយលែន ដែលមានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកអ្នកឧកញ៉ា លី យ៉ុងផាត់, លោក ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត និងអ្នកឧកញ៉ា តុល លន ស្ថាបនិកបុរី លន ស៉ីធី ឡូតធឺសអាយលែន។

ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា តុល លន បានលើកឡើងថា មង្គលពិធីសម្ពោធគម្រោងបុរី លន ស៉ីធី ឡូតធឺសអាយលែន ចាប់ផ្តើមសាងសង់ជាផ្លូវការនូវគម្រោងសាងសង់បុរី ដែលមានគុណភាព និងមានភាពប្រណិត ដែលនេះជាការពិតវាបានចូលរួមចំណែកក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍រចនាបថស្ថាបត្យកម្មលំនៅដ្ឋានបែបថ្មីមួយទៀតនៅលើទឹកដីខេត្តកោះកុង ផ្នែកទិសនិរតី។

អ្នកឧកញ៉ា បានបន្ដថា ខេត្តកោះកុង គឺជាខេត្តមួយដែលមានតំបន់គ្នាសមុទ្រវែងជាងគេក្នុងចំណោមខេត្តមាត់សមុទ្រ និងមានសក្តានុពលសម្បូរបែប ក្នុងការទាក់ទាញវិនិយោគិនមកធ្វើការបណ្ដាក់ទុនដើម្បីអភិវឌ្ឍន៍ និងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្តតាមឆ្នេរសមុទ្រតាមបណ្ដាកោះដ៏ស្រស់ស្អាត។

បុរី លន ស៉ីធី ឡូតធឺសអាយលែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលមានបទពិសោធន៍យ៉ាងជោគជ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយធ្លាប់បានសាងសង់ស្នាដៃក្នុងការអភិវឌ្ឍន៍គម្រោងបុរីធំៗ ជាច្រើនទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

ការរចនា នៃគម្រោងបុរី លន ស៉ីធី ឡូតធឺសអាយលែន គឺបានផ្ដល់ការយកចិត្តទុកដាក់ ក្នុងការធានាបាននូវផាសុខភាពរបស់អ្នករស់នៅ និងតាមតម្រូវការ និងការចង់បានរបស់អតិថិជន ដោយចាប់ផ្ដើមពីការរចនាទីធ្លាខាងក្រៅ រហូតដល់ការរចនាម៉ូតផ្ទះនីមួយៗ។ គម្រោងបុរី លន ស៉ីធី ឡូតធឺសអាយលែន បានរៀបចំនៅប្រព័ន្ធទឹកស្អាតភ្លើងជូន និងរចនាបទក្នុងលំនៅដ្ឋានឲ្យមានផាសុខភាព៕