(ភ្នំពេញ)៖ តារាសម្ដែងស្រីជួរមុខ និងមានរហ័សនាមថា «Queen of BA» ស្រីស្អាត ស៊ី យូប៊ីន ត្រូវបានមហាជន និងអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា កត់សម្គាល់ឃើញថា នាងគឺជាអ្នកសិល្បៈដ៏ល្បី និងមានឥទ្ធិពលម្នាក់ដែលមានទស្សនៈ និងចក្ខុវិស័យវែងឆ្ងាយក្នុងការប្ដេជ្ញាប្រម៉ូតផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរ តាមរយៈការបង្ហាញខ្លួនដោយផ្ទាល់ និងដោយប្រយោលទៅកាន់ពិភពលោក ដូចជាការតុបតែងសម្លៀកបំពាក់ គ្រឿងលម្អ និងការដេគ័រផ្សេងៗជាដើម។ តារាសម្ដែង ស៊ីន យូប៊ីន តែងតែធ្វើឲ្យបេះដូងប្រជាជនកម្ពុជារំភើប និងមានមោទនភាពខ្លាំង តាមរយៈការបង្ហាញវត្តមានក្នុងកម្មវិធីលំដាប់អន្តរជាតិ ជាមួយការរំលេចទម្រង់សិល្បៈបុរាណ អត្តសញ្ញាណជាតិលើឈុតសម្លៀកបំពាក់ និងគ្រឿងអលង្ការលម្អលើរូបរាងកាយជាដើម ដែលសុទ្ធសឹងបង្ហាញពីភាពអស្ចារ្យរបស់ខ្មែរទៅកាន់ពិភពលោក។ សម្រាប់ឆ្នាំថ្មី២០២៥នេះ ស្រីស្អាត ស៊ីន យូប៊ីន បានប្រកាសពីគម្រោងការងារធំៗជាច្រើនទាំងនៅក្នុង និងក្រៅប្រទេស ដែលអាចឱ្យនាងបានបញ្ជ្រាបឥទ្ធិពលសិល្បៈវប្បធម៌ខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិកាន់តែខ្លាំងឡើងបន្ថែមទៀត។
តារាសម្ដែងវ័យក្មេង តែរក្សាបាននូវប្រជាប្រិយភាពមិនចេះរីងស្ងួត និងទទួលបានការងារតូចធំជាច្រើន ស៊ីន យូប៊ីន បានថ្លែងយ៉ាងដូច្នេះ គឺក្នុងឱកាសដែលនាងបានចូលរួមក្នុងកម្មវិធី Fan Meeting ដែលរៀបចំឡើងដោយ Galaxy S25 Ultra x Shin Yubin កាលពីល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅផ្សារទំនើប Chip Mong 271 Mega Mall អមជាមួយនឹងវត្តមានតារាល្បីៗ មកពីប្រទេសថៃដូចជា លោក OLY , KIM និង YUUKI ព្រមទាំងអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាជាច្រើននាក់ បង្កឲ្យមានការភ្ញាក់ង្អើលយ៉ាងខ្លាំងពេញផ្សារទំនើប ជីប ម៉ុង។
តារាភាពយន្តឆ្នើម ស៊ីន យូប៊ីន បានប្រកាសបន្ថែមថា នាងនៅតែរក្សាជំហរយ៉ាងមុតមាំថា កន្លែងណាដែលមានវត្តមាន ស៊ីន យូប៊ីន ទីនោះត្រូវតែស្គាល់អំពីកម្ពុជា ហើយនាងមិនបណ្តោយឲ្យខ្មែរយើងបាក់មុខជាដាច់ខាត ដោយនាងនៅតែទទួលការអញ្ជើញឲ្យទៅបង្ហាញខ្លួន លើឆាកអន្តរជាតិប្រកបដោយកិត្តិយស និងស្មើមុខស្មើមាត់ជាមួយនឹងបណ្ដាប្រទេសដទៃ។ ប៉ុន្តែនាងសូមតែម៉្យាងប៉ុណ្ណោះ គឺសូមឲ្យខ្មែរជួយជំរុញគាំទ្រខ្មែរគ្នាឯង សូមរិះគន់ក្នុងន័យស្ថាបនា កុំប្រើភាសាបែបជាន់ពន្លិចគ្នា។
ស៊ីន យូប៊ីន ថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា «ប្រសិនជាខ្ញុំធ្វើឲ្យខ្មែរបាក់មុខ គឺខ្ញុំហ្នឹងហើយបាក់មុខមុនគេ ខ្ញុំគឺជាអ្នកមានឈាមជ័រ និងជាតំណាងឲ្យខ្មែរមួយរូប ដូច្នេះហើយខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាព។ ដូចរាល់ដង ពេលដែលខ្ញុំទៅចូលរួមក្នុងកម្មវិធីនីមួយៗ (កម្មវិធីលំដាប់អន្តរជាតិក្រៅប្រទេស) គឺមិនមែនរង់ចាំតែដល់ថ្ងៃទៅនោះទេ គឺនៅពីក្រោយការបង្ហាញខ្លួននេះ គឺខ្ញុំធ្វើការងារខ្លាំង និងធ្ងន់មែនទែនសម្រាប់ការងារមួយហ្នឹង មិនថាការឌីហ្សាញរ៉ូប និងការចរចាការងារ ធ្វើយ៉ាងណាដើម្បីឲ្យគេទទួលយកយើងដោយស្មើមុខស្មើមាត់ និងធានាថា មិនឲ្យខ្មែរបាក់មុខ ទើបខ្ញុំទៅចូលរួម។ ប៉ុន្តែបើខ្ញុំចរចាមិនត្រូវ មានបញ្ហាដល់មុខមាត់ខ្មែរយើង គឺខ្ញុំមិនទៅតែម្ដង ព្រោះនេះជាឆន្ទៈរបស់ខ្ញុំតាំងពីដើមមក!»។
ស៊ីន យូប៊ីន បាននិយាយសង្កត់ធ្ងន់ថា «កម្មវិធីធំប៉ុណ្ណាក៏ដោយ កម្រិតអន្តរជាតិប៉ុណ្ណាក៏ដោយ បើមិនបានបង្ហាញមុខនៅលើកម្រាលព្រំ ស្មើមុខស្មើមាត់នឹងប្រទេសដទៃទេ គឺខ្ញុំមិនទៅចូលរួមជាដាច់ខាត»។
ងាកមកការងារសិល្បៈនៅក្នុងប្រទេសសម្រាប់ឆ្នាំថ្មីនេះវិញ ទស្សនិកជនមួយចំនួនបានបង្ហាញការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះការបាត់មុខពីសិល្បៈមួយរយៈធំ របស់តារាសម្តែងស្រីឆ្នើមលំដាប់ប្រទេស ស៊ីន យូប៊ីន ដែលហ្វេននាំគ្នាឲ្យរហ័សនាមថា «Queen of BA»។ ជុំវិញការបាត់ខ្លួនពីសិល្បៈនេះ ត្រូវបានសាម៉ីខ្លួន កញ្ញា ស៊ីន យូប៊ីន បញ្ជាក់ឲ្យដឹងថា នាងមិនបានបាត់ទៅណាពីវិស័យសិល្បៈឡើយ ព្រោះដួងចិត្ត និងវិញ្ញាណរបស់នាងបានផ្សារភ្ជាប់ជាមួយសិល្បៈខ្មែរអស់ទៅហើយ គ្រាន់តែថ្មីៗនេះនាងសុំដកឃ្លាការងារបន្តិច ដើម្បីសាងផ្នួសបួសជាដូនជី ស្នាក់នៅក្នុងវត្តលើភ្នំមួយកន្លែង ដែលគ្មានសូម្បីតែសេវាទូរសព្ទសម្រាប់ទំនាក់ទំនង។
យូប៊ីន ឲ្យដឹងថា មែនទែនទៅនាងតែងតែបួសរៀនធម៌រាល់ឆ្នាំ តែដោយសារឆ្នាំនេះនាងចំណាយពេលរៀនយូរជាងមុនបន្តិច ទើបធ្វើឲ្យបាត់មួយពីសិល្បៈយូរបន្តិច រហូតធ្វើឲ្យហ្វេនៗកើតជាចម្ងល់បែបនេះ។ បើសួរថា តើ យូប៊ីន មានវិបត្តិផ្លូវចិត្ត ឬមានបញ្ហាផ្លូវចិត្តមែនទេទើបទៅបួសបែបនេះ? ចម្លើយ គឺទេ! ព្រោះការបួសរៀនធម៌របស់ យូប៊ីន គឺដើម្បីបង្កើនបញ្ញាសម្រាប់ការរស់នៅប្រចាំថ្ងៃ ឲ្យបានត្រឹមត្រូវបានគន្លងព្រះធម៌។ ម៉្យាង ក៏បានចំណាយពេលធ្វើនូវអ្វីដែលខ្លួនចង់ធ្វើដោយអារម្មណ៍ជ្រះថ្លា តាមរយៈការរៀនធម៌ ការបួសសម្អាតទីធ្លាវត្ត និងការប្រតិបត្តិខ្លួនជាដូនជី។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំង តារាសម្តែងឆ្នើម ស៊ីន យូប៊ីន បានចេញមកពញ្ញាក់អារម្មណ៍ហ្វេនឲ្យភ្ញាក់ព្រឺត ដោយនាងស្រាប់តែបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធ GalaxyS25 Series នៅទីក្រុងបាងកក ប្រទេសថៃ យ៉ាងភ្ញាក់ផ្អើលជាមួយអង្គរក្សដើរអមសងខាង បង្ហាញពីឥទ្ធិពលដ៏មុតស្រួចរបស់សិល្បការិនីខ្មែររូបនេះ។ មិនតែប៉ុណ្ណោះ ហ្វេនៗជាច្រើនបាននាំគ្នាឈរតម្រៀបជួរស្វាគមន៍ វត្តមានរបស់តារាស្រីខ្មែររូបនេះ សូម្បីតែហ្វេនៗនៅស្រុកខ្មែរក៏នាំគ្នាបង្ហោះចែកចាយរូបភាព និងវីដេអូរបស់នាងលើបណ្តាញសង្គមយ៉ាងព្រោងព្រាត។
ក្រឡេកទៅមើលកម្មវិធី Fan Meeting ដែល យូប៊ីន រៀបចំជាពិសេសសម្រាប់អ្នកគាំទ្រស្មោះស្ម័គ្ររបស់នាង ដោយនាងបានជួបសំណេះសំណាល ថតរូបលេងហ្គេមសប្បាយៗ ជាមួយកាដូអនុស្សាវរីយ៍ជាច្រើនសម្រាប់អ្នកគាំទ្រ។ ក្នុងកម្មវិធី Fan Meeting Galaxy S25 Ultra x Shin Yubin កាលពីល្ងាចមិញ ក៏មានការចូលរួមពីសមាជិកទាំង៣ នៃក្រុម Monster 25 គឺ OLY , KIM និង YUUKI ចូលរួមជាភ្ញៀវកិត្តិយសក្នុងការលេងហ្គេមកម្សាន្តសប្បាយៗជាមួយ យូប៊ីន និងអ្នកគាំទ្ររបស់នាង ថែមទាំងការថតរូបទុកជាអនុស្សាវរីយ៍ ជាមួយអ្នកគាំទ្រយ៉ាងសប្បាយរីករាយថែមទៀតផង។ យូប៊ីន ពិតជាសប្បាយចិត្តដែលបាននិយាយពាក្យក្នុងចិត្តជាច្រើន ទៅកាន់អ្នកគាំទ្ររបស់នាង និងបានប្រាប់ឲ្យគ្រប់គ្នាត្រៀមរង់ចាំមើលស្នាដៃសិល្បៈថ្មីៗ របស់នាងដែលត្រៀមចេញក្នុងពេលឆាប់ៗនេះ។
សូមបញ្ជាក់ថា តារាសម្ដែង ស៊ីន យូប៊ីន នាងពេលកន្លងមក នាងតែងតែបានប្រើប្រាស់សំឡេងរបស់នាង ផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់កម្ពុជា ដោយបានលើកឡើងពីតំបន់ទេសចរណ៍ ភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា និងបានជំរុញលើកទឹកចិត្តភ្ញៀវទេសចរឲ្យមកកម្សាន្តនៅកម្ពុជា ឲ្យបានយ៉ាងហោចណាស់ម្តងក្នុងមួយជីវិត។ គ្រប់គ្នានឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យជាមួយសិល្បៈ វប្បធម៌ អរិយធម៌ដ៏រស់រវើករបស់ខ្មែរ នោះលោកអ្នកនឹងបានដឹងថា ប្រទេសកម្ពុជា គឺពិតជាអស្ចារ្យលើសពីអ្វីដែលអ្នកធ្លាប់បានដឹង និងធ្លាប់បានឮ។ ហេតុដូច្នេះហើយទើប កញ្ញា ស៊ីន យូប៊ីន ឈរនៅលេខរៀងទី១ ក្នុងដួងចិត្តប្រជាជនកម្ពុជា ជាតារាស្រីដែលឆ្លៀតផ្សព្វផ្សាយពីកម្ពុជា នៅគ្រប់ទីកន្លែងដែលនាងបានទៅដល់ ជាពិសេសគឺនៅលើឆាកអន្តរជាតិធំៗ៕