(បរទេស)៖ ក្រុមហ៊ុនហ្វាំងឡង់ Nokia បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា លោក Pekka Lundmark នឹងលាលែងពីតំណែងជានាយកប្រតិបត្តិ (CEO) ហើយលោក Justin Hotard នឹងត្រូវបានតែងតាំងជា CEO ថ្មីរបស់ Nokia បន្ត ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះតទៅ។ បច្ចុប្បន្ន Hotard គឺជាអនុប្រធានប្រតិបត្តិ និងជាអ្នកគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលទិន្នន័យ និង AI Group របស់ Intel ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
Nokia ដែលជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ នឹងកំពុងតស៊ូជាមួយនឹងការលក់ឧបករណ៍ 5G ទាប បាននិងកំពុងស្វែងរកមធ្យោបាយដើម្បីធ្វើពិពិធកម្មទីផ្សាររបស់ពួកគេ និងបំបែកចូលទៅក្នុងផ្នែកដែលកំពុងរីកចម្រើនដូចជា បញ្ញាសិប្បនិម្មិត AI។ ប្រធានក្រុមប្រឹក្សាភិបាលរបស់ Nokia លោក Sari Baldauf បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «Hotard មានកំណត់ត្រាដ៏រឹងមាំនៃការបង្កើនល្បឿននៃកំណើននៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា និងជំនាញរបស់គាត់នៅក្នុងទីផ្សារ AI និងមជ្ឈមណ្ឌលទិន្នន័យ ដែលមានសារៈសំខាន់សម្រាប់ការរីកចម្រើននាពេលអនាគតរបស់ Nokia»។
ជាមួយនឹងបទពិសោធន៍ ២៥ឆ្នាំនៅក្នុងវិស័យបច្ចេកវិទ្យា នឹងតួនាទីជាអ្នកដឹកនាំលោក Hotard ត្រូវបានគេឱ្យដឹងថា ពីមុនលោកបម្រើការងារនៅក្រុមហ៊ុន Hewlett Packard Enterprise (HPE) និង NCR Corporation។ យ៉ាងមិញ មុនពេលលោកចូលរួមជាមួយ Intel ក្នុងខែមករា ឆ្នាំ២០២៤ លោក Hotard គឺជាអនុប្រធានប្រតិបត្តិ និងជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៃ AI និង Labs នៅ HPE។ ខណៈឆ្នាំ ២០១៥ គាត់ជាប្រធាន NCR Small Business និងកាន់មុខតំណែងនៅ Symbol Technologies និង Motorola Inc។ Hotard ទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកវិស្វកម្មអគ្គិសនីពីសាកលវិទ្យាល័យ Illinois នៅ Urbana-Champaign និង MBA ពីសាលា IT Sloan School of Management។
គួរជម្រាបថា Nokia បានគូសបញ្ជាក់ថា លោក Pekka Lundmark ដែលជា CEO តាំងពីឆ្នាំ២០២០ បានសម្រេចចិត្តចុះចេញពីតំណែង ប៉ុន្តែនឹងនៅតែជាទីប្រឹក្សារបស់ Hotard រហូតដល់ដំណាច់ឆ្នាំ។ ក្នុងអំឡុងពេលកាន់តំណែងរបស់ Lundmark ក្រុមហ៊ុន Nokia បានបង្កើតភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យារបស់ខ្លួនឡើងវិញនៅក្នុង 5G ពង្រឹងបណ្តាញស្នូលដែលមានមូលដ្ឋានលើ Cloud និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធបណ្តាញ និងអាជីវកម្មអាជ្ញាប័ណ្ណប៉ាតង់៕