(ភ្នំពេញ)៖ សិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានរៀបចំកិច្ចប្រជុំត្រាប់ដូចអង្គការសហប្រជាជាតិ Model United Nations (MUN) លើកទី៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ដំណោះស្រាយបច្ចុប្បន្នដើម្បីការវិវត្តនាថ្ងៃអនាគត» ដោយទទួលបានការចូលរួមពីសំណាក់យុវបញ្ញាវន្តវ័យក្មេងប្រមាណ៣០០នាក់ តំណាងមកពីសាលាអន្តរជាតិចំនួន៦សាលាក្នុងរាជធានីភ្នំពេញ។
ព្រឹត្តិការណ៍កិច្ចប្រជុំដ៏មានសារៈសំខាន់នេះត្រូវ បានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាល័យអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។
ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍កិច្ចប្រជុំនេះ លោក ម៉ៃឃល វ៉ែល ប្រធាននាយកប្រតិបត្តិនៃសាលាអន្តរ ជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានមានប្រសាសន៍ស្វាគមន៍យុវបញ្ញាវន្តទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំ នៅពេលនេះ ដោយលោកបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពឆ្លាតវៃ និងការខិតខំប្រឹងប្រែង របស់ប្អូនៗសិស្សានុសិស្ស ដែលបានផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះ។ លោកបានគូសបញ្ជាក់ផងដែរថា យុវជន ដែលបានចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃនេះគឺជាដំណោះស្រាយសម្រាប់ផលប្រឈមនានា ដែលពិភពលោកនឹងជួប ប្រទះនាថ្ងៃអនាគត។
លោកស្រី ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុង ព្រឹត្តិការណ៍បើកកិច្ចប្រជុំនេះបានសម្ដែងនូវក្ដីរីករាយ ព្រមទាំងកោតសរសើរដល់ប្អូនៗយុវជន ជាពិសេសគឺ យុវតីវ័យក្មេង ដែលមានភាពក្លាហាន បង្ហាញឆន្ទៈចង់ចូលរួមក្នុងការស្វែងរកដំណោះស្រាយសម្រាប់សង្គម និង ពិភពលោកទាំងមូល។ លោកស្រីបានបង្ហាញសុទិដ្ឋិនិយមថា កិច្ចប្រជុំនេះគឺជាវេទិកាដែលប្អូនៗអាចដុសខាត់ សមត្ថភាពក្នុងការជជែកដេញដោល តស៊ូមតិ ការនិយាយជាសាធារណៈ ការចរចា និងសមត្ថភាពជាអ្នកដឹកនាំ ដើម្បីចូលរួមបង្កើតគោលនយោបាយសម្រាប់ថ្ងៃអនាគតកាន់តែប្រសើរ។
យុវតី តាន់ សុធា ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និងជាអគ្គលេខា ធិការមួយរូបក្នុងកិច្ចប្រជុំនេះបានបង្ហាញភាពសប្បាយរីករាយ និងក្ដីអំណរយ៉ាងខ្លាំង ដែលបានរៀបចំកិច្ចប្រជុំ នេះដោយជោគជ័យ។ សម្រាប់យុវតី តាន់ សុធា កិច្ចប្រជុំនេះមិនមែនត្រឹមតែជាការត្រាប់តាមធម្មតាៗប៉ុណ្ណោះ ទេ ប៉ុន្តែវាគឺជាវេទិកាមួយដែលកៀរគរគំនិតយោបល់ និងសកម្មភាពរបស់យុវជន ដើម្បីរួមគ្នាធ្វើឱ្យប្រសើរឡើង នូវស្ថានភាពជាក់ស្ដែងនៃបញ្ហាដែលពិភពលោកយើងកំពុងតែជួបប្រទះ។
គួរបញ្ជាក់ថា កិច្ចប្រជុំត្រាប់ដូចអង្គការសហប្រជាជាតិនេះ គឺជាការប្រជុំរៀបចំឡើងដោយសិស្សនៃសាលា…? ដោយធ្វើត្រាប់តាម កិច្ចប្រជុំជាក់ស្ដែងរបស់អង្គការសហប្រជាជាតិ ដែលមានប្រធានាធិបតី នាយករដ្ឋមន្ត្រី ឬជារដ្ឋមន្ត្រីការបរទេស តំណាងឱ្យប្រទេសជាសមាជិកនីមួយៗ ចូលរួមថ្លែងសុន្ទរកថា កំឡុងខែកញ្ញាជារៀងរាល់ឆ្នាំនៅទីស្នាក់ ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក ស្តីពីបញ្ហាប្រឈម និងវិបត្តិនានាក្នុងពិភពលោក។
ក្នុងកិច្ចប្រជុំលើកទី៤ ឆ្នាំ២០២៥ នេះ សិស្សានុសិស្សទាំងអស់ត្រូវបានបែងចែកជាគណៈកម្មការ ចំនួន ១១ គណៈកម្មការ និងជជែកពិភាក្សាលើបញ្ហាជាសកលមួយចំនួនដូចជា ការស្វែងរកដោះស្រាយជម្លោះ នៅតំបន់ហ្គាហ្សា សិទ្ធិក្នុងការរំលូតកូន ការគ្រប់គ្រងរូបិយប័ណ្ណគ្រីបតូ សកម្មភាពរំលោភបំពានសិទ្ធិស្ត្រីនៅក្នុង ប្រទេសអាហ្គានីស្ថាន និងបញ្ហាចោទជាច្រើនទៀត។
ពួកគេបានដើរតួនាទីក្នុងនាមជាប្រធានាធីបតី នាយករដ្ឋមន្រ្តី ឬរដ្ឋមន្ត្រីក្រសួងការបរទេសដែលជាលំហាត់១ដ៏គួរឲ្យចាប់អារម្មណ៍ និងទាក់ទាញ ដើម្បីដំណើរឆ្ពោះទៅអនាគតរបស់ពួកគេ៕