(ព្រះសីហនុ)៖ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «អេសអ៊ឹមអ៊ី តែមួយ (ONE SME)»​ ដែលបានរៀបចំឡើងចំខួបឆ្នាំទី​៥ នៃការ​ចាប់ផ្តើ​មប្រតិ​បត្តិ​ការ​​​របស់​ ធ.ស.ក ២០២០-២០២៥។

កិច្ចប្រជុំនេះបានរៀបចំឡើង នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារណូវូតែល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់​លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល ធ.ស.ក ព្រមទាំងបាន​ការចូលរួមពីសំណាក់ ​ សមាជិកក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង និងបុគ្គលិកធនាគារ សរុប​ប្រមាណ ២១០នាក់។​

​លោក ជា សុភ័ក្ត អគ្គនាយកស្តីទី ធ.ស.ក បានធ្វើរបាយការណ៍សង្ខេបអំពី​វឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៤ និងផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៥ ព្រមទាំង​បាន​បូកសរុប​នូវ​លទ្ធផល​រួម​ដែល​ ធ.ស.ក សម្រចបាន​ក្នុង​រយៈពេល​ ៥ ឆ្នាំ កន្លង​មកនេះ។​

​គិតត្រឹមពេល​នេះ​ ធ.ស.ក បានផ្តល់ហិរញ្ញប្បទានក្នុង​លក្ខខណ្ឌអនុគ្រោះ ពោលគឺ​អត្រាការប្រាក់ទាប​ ចន្លោះ​ពី​ ៤% ទៅ​ ៦,៥​% សម្រាប់​វិស័យអាទិភាព​ ដល់សហគ្រាសធុនតូច និងមធ្យមសរុប​ជាង៣ ៤០០ សហគ្រាស ដែលស្មើនឹងសមតុល្យឥណទានសរុបប្រមាណ៥០០ លានដុល្លារអាមេរិក។ ក្នុងនោះ ឥណទានដែលបានបញ្ចេញទៅ វិស័យកែច្នៃ ផលិត និងកម្មន្តសាល ដែលជាវិស័យអាទិភាពរបស់ ធ.ស.ក មានប្រមាណ ៧០លានដុល្លារអាមេរិក ដែលស្មើទៅនឹង ៥០%​ នៃសមតុល្យឥណទានដោយផ្ទាល់សរុប។ គម្រោងហិរញ្ញប្បទានស្រ្តី ប្រមាណ ៤៤លានដុល្លារអាម៉េរិក ដែលស្មើនឹង ៣៦%​ នៃសមតុល្យឥណទានដោយផ្ទាល់សរុប។

​លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល ធ.ស.ក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ទាំង​អស់​ ដែល​បាន​ខិតខំបំពេញការងារ​ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ២០២៤ និង​បានសម្តែង​នូវ​ការ​សារ​ទរ​ចំពោះ​សមិទ្ធផល​រួមដែល​សម្រេច​បាន​​ក្នុង​រយៈពេល ៥ ឆ្នាំ កន្លង​មកនេះ​។​

ជាមួយគ្នានេះ​ ​លោកបណ្ឌិត បានសង្កត់ធ្ងន់លើ​សមិទ្ធផល​រំពឹង​ទុក​ដោយ​ក្រុមប្រឹក្សាភិបាល​សម្រាប់ឆ្នាំ២០២៥ នេះ​ ព្រមទាំង​បាន​ផ្តល់​នូវ​អនុសាសន៍​ល្អៗ ជាច្រើន​ដល់​គណៈគ្រប់គ្រង​ និង​បុគ្គលិក​ សំដៅ​ជំរុញ​ប្រសិទ្ធភាព​ការងារ​។​

ជារៀងរាល់ឆ្នាំ ធនាគារតែងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ កម្មវិធីទទួលបាន​អាហារ​សាមគ្គី​ និងសកម្មភាពជាក្រុម ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំ និងបុគ្គលិក ក៏ដូចជាការទទួលស្គាល់ និងផ្តល់ជូន​នូវ​លើកទឹកចិត្ត ដល់ការ​ខិតខំប្រឹងប្រែងរបស់បុគ្គលិកឆ្នើម និងពង្រឹងនូវសាមគ្គីភាព និង​ស្មារតីការងារក្រុម​៕