(ភ្នំពេញ)៖ ការប្រកួតហ្វ្រីស្តាយល៍ដំបូងបង្អស់របស់កម្ពុជា Frenzy Freestyle បានឈានដល់ដំណាក់កាលដ៏ជក់ចិត្ត គឺវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រហូតដល់វគ្គផ្តាច់ព្រ័ត្រ។

តាមរយៈក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កម្មវិធីប្រកួត ហ្រ្វេនហ្ស៊ី ហ្វ្រីស្តាយល៍ - Frenzy Freestyle បាននឹងកំពុងបង្ហាញ ដោយបំផុសយុវជន ក៏ដូចជាប្រជាជនកម្ពុជា ឱ្យស្វែងយល់ពីកីឡាបាល់ទាត់ ហ្រ្វីស្តាយល៍ រួមទាំងបង្ហាញដល់អន្តរជាតិពីកម្មវិធីប្រកួតលើកទី១នៅកម្ពុជាផងដែរ។

បន្ទាប់ពីការប្រកួតគ្នាយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍ បេក្ខជនដ៏មានទេពកោសល្យទាំង៤រូប បានឈានជើងចូលទៅកាន់វគ្គកាត់សេចក្តីចុងក្រោយ ដែលកាន់តែជក់ចិត្តបន្ថែមទៀត។

ការប្រកួតប្រជែងគ្នា សម្រាប់អ្នកចូលចិត្តវិស័យកីឡាបាល់ទាត់ហ្វ្រីស្តាយល៍ បានទាក់ទាញទស្សនិកជនជាច្រើន តាមរយៈការបង្ហាញពីក្បាច់ប្លែកៗ លាយឡំជាមួយសិល្បៈ និងភាពច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់បេក្ខជននីមួយៗ។

ឥឡូវនេះនៅសល់តែគូប្រជែងតែ ២គូប៉ុណ្ណោះ ដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រជែងក្លាយជាម្ចាស់ជ័យលាភីកម្មវិធី Frenzy Freestyle ដែលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ការប្រកួតបែបការសម្តែងតាមបទចម្រៀង - Routine)

* លន់ ឆៃយ៉ា ប្រកួតជាមួយ នួន វណ្ណា
* ស៊ុំ សាន ប្រកួតជាមួយ ផ្លម ធិញហួយ

អ្នកដែលឈ្នះក្នុងវគ្គនេះនឹងមានឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមជ័យលាភី មិនត្រឹមតែប៉ុណ្ណោះអ្នកដែលចាញ់ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក៏នឹងមានប្រកួតសម្រាប់ចំណាត់ថ្នាក់លេខ៣ផងដែរ។

នេះមិនមែនគ្រាន់តែជាការប្រកួតប្រជែងប៉ុណ្ណោះទេ វាក៏ជាការជំរុញភាពលេចធ្លោរបស់វិស័យកីឡាបាល់ទាត់ហ្រ្វីស្តាយល៍របស់ប្រទេសកម្ពុជា ឱ្យកាន់តែឈានទៅមុខមួយកម្រិតទៀត។

គួររំលឹកផងដែរថា កម្មវិធីប្រកួត ហ្វ្រេនហ្ស៊ី ហ្រ្វីស្តាយល៍ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅ ស្ថានីយ៍ទូរទស្សន៍បាយ័ន បឹងស្នោរ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ហើយក៏មានការផ្សាយផ្ទាល់ នៅលើហ្វេសប៊ុកផេចផ្លូវការរបស់ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង។ រង់ចាំតាមដានទស្សនាទាំងអស់គ្នា៕