(បរទេស)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន OpenAI លោក Sam Altman បានជូនដំណឹងដល់បុគ្គលិកថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមានបំណងបដិសេធការផ្តល់ជូន ៩៧ ពាន់លានដុល្លាររបស់ Elon Musk ដើម្បីទិញអង្គការមិនរកប្រាក់ចំណេញ OpenAI ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។
យោងតាមកាសែត Wall Street Journal បានឱ្យដឹងថា នៅក្នុងការកើនឡើងយ៉ាងខ្លាំងនៃការប្រកួតប្រជែង AI ដ៏ក្តៅគគុកបំផុតរបស់ Silicon Valley លោក Elon Musk ទើបតែបានប្រកាសថាគាត់កំពុងដឹកនាំការដេញថ្លៃ ៩៧.៤ ពាន់លានដុល្លារដើម្បីទិញយកក្រុមហ៊ុន OpenAI។ ការផ្តល់ជូននេះ នាំមកនូវសម្ព័ន្ធភាពខ្លាំងនៃអ្នកគាំទ្រ រួមទាំងក្រុមហ៊ុន AI របស់ Musk, xAI និងក្រុមហ៊ុនបណ្តាក់ជាច្រើនទៀតដូចជា Valor Equity Partners, Ari Emanuel និងក្រុមហ៊ុនបណ្តាក់ទុក 8VC។
គួរជម្រាបថា បន្ទាប់ពីប្រកាសរបស់ Musk លោក Altman បានជូនដំណឹងបដិសេធដល់បុគ្គលិកភ្លាមៗ។ ខណៈ CEO ក្រុមហ៊ុនយក្សរូបនេះក៏បានឆ្លើយតបនឹង Musk វិញផងដែរថា «មិនអរគុណទេ ប៉ុន្តែយើងនឹងទិញយក twitter (បច្ចុប្បន្ន X) ក្នុងតម្លៃ ៩.៧៤ពាន់លានដុល្លារប្រសិនបើគាត់ចង់»៕