(បរទេស)៖ ក្រុមហ៊ុន T-Mobile និង SpaceX ត្រូវបានគេរាយការណ៍មកថា កំពុងសហការគ្នាធ្វើការលើទូរស័ព្ទដែលអាចភ្ជាប់ទៅកាន់ផ្កាយរណប ដោយប្រែក្លាយពីទូរស័ព្ទធម្មតា ទៅជាទូរស័ព្ទផ្កាយរណប​ ខណៈមិនចាំបាច់ត្រូវការ hardware បន្ថែម។ សេវាកម្មនេះ ត្រូវបានគេស្គាល់ថាជា T-Mobile Starlink មានគោលបំណងលុបបំបាត់តំបន់ «គ្មានរបារ» (មានន័យថា គ្មានការរឹតបន្តឹង ឬរារាំង) ដោយអនុញ្ញាតឱ្យទូរស័ព្ទនោះភ្ជាប់ទៅផ្កាយរណប Starlink ស្វ័យប្រវត្តិនៅពេលដែលពួកគេបាត់បង់ការតភ្ជាប់អ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយដោយ Tech HQ។

សេវាកម្មនេះ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ ចំពោះអតិថិជន T-Mobile លើគម្រោង Go5G Next នឹងទទួលបានសារ SMS ពីផ្កាយរណបភ្ជាប់ទៅទូរស័ព្ទតាមរយៈ Starlink របស់ SpaceX ដោយមិនគិតថ្លៃបន្ថែម។ ដោយឡែក សម្រាប់គម្រោង T-Mobile ផ្សេងទៀត វានឹងត្រូវចំណាយអស់ ១៥ដុល្លារមួយខ្សែក្នុងមួយខែ ខណៈពេលដែលអតិថិជន AT&T និង Verizon អាចចូលប្រើសេវាកម្មនេះក្នុងតម្លៃ ២០ ដុល្លារក្នុងមួយខ្សែរយៈពេលខែដូចគ្នា។

របាយការណ៍បានគូសបញ្ជាក់ថា សេវាកម្មនេះដំបូងនឹងផ្តោតលើការផ្ញើសារតែប៉ុណ្ណោ ខណៈមុខងារហៅជាសំឡេងនឹងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ទៀត។

គួរជម្រាបថា​ នាយកប្រតិបត្តិក្រុមហ៊ុន T-Mobile លោក Mike Sievert បាននិយាយថា «T-Mobile Starlink គឺជាបណ្តាញទូរស័ព្ទចល័តដំបូងគេ និងតែមួយគត់នៅក្នុងសហរដ្ឋអាមេរិក ដែលភ្ជាប់ដោយស្វ័យប្រវត្តិទៅទូរស័ព្ទរបស់អ្នក ទោះបីជាមិនមានបណ្តាញទូរស័ព្ទចល័តទៅដល់ក៏ដោយ»