(បរទេស)៖ ក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចកិច្ចសន្យាធំជាងគេលើពិភពលោក និងជាក្រុមហ៊ុនដំឡើង iPhone បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនអាចកែសម្រួលផែនការផលិតកម្មរបស់ខ្លួនជាការឆ្លើយតបទៅនឹងពន្ធថ្មីរបស់សហរដ្ឋអាមេរិក។ CEO លោក Young Liu បានអត្ថាធិប្បាយថា Foxconn មានប្រតិបត្តិការផលិតកម្មទាំងនៅសហរដ្ឋអាមេរិក និងម៉ិកស៊ិក ហើយនឹងកែសម្រួលសមត្ថភាពផលិតកម្មដោយផ្អែកលើពន្ធដែលបានកំណត់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២​ ខែកុម្ភៈ ឆ្នាំ២០២៥។

នៅដើមខែកុម្ភៈ ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសដំឡើងពន្ធ ២៥% លើទំនិញទាំងអស់ដែលនាំចូលមកសហរដ្ឋអាមេរិក ពីកាណាដា និងម៉ិកស៊ិក ប៉ុន្តែបានយល់ព្រមផ្អាកការដាក់ពន្ធរហូតដល់ថ្ងៃទី០៤ ខែមីនា។ CEO ក្រុមហ៊ុន Foxconn លោក Young Liu បាននិយាយទៅកាន់អ្នកយកព័ត៌មាននៅឯទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅទីក្រុង New Taipei ថា Foxconn មានប្រតិបត្តិការនៅ សហរដ្ឋអាមេរិក និងម៉ិកស៊ិក។ លោកបានបន្តទៀតថា៖« អាស្រ័យ​លើ​ពន្ធគយ យើង​នឹង​រៀបចំ​ផែនការ​សមត្ថភាព​ផលិតកម្ម​ផ្សេង​គ្នា​ទៅ​តាម​នោះ​»​។

តាមការបញ្ជាក់ពីលោក Liu បានឱ្យដឹងថា លោក Trump ចង់ឱ្យក្រុមហ៊ុនផលិតនៅសហរដ្ឋអាមេរិក ហើយ Foxconn នឹងធ្វើ «ការរៀបចំ» ដែលពាក់ព័ន្ធជាមួយដៃគូរបស់ខ្លួននៅក្នុងប្រទេសនេះ។ «ទោះជាយ៉ាងណាក៏ដោយ ពន្ធជារួមនឹងមិនល្អសម្រាប់សេដ្ឋកិច្ចពិភពលោក ហើយនឹងធ្វើឱ្យទីផ្សារធ្លាក់ចុះ»