(ភ្នំពេញ)៖ លោក គុជ ឆៃយ៉ា ប្រធានចាត់ការទូទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានលើកឡើងថា ក្រុមរបស់ខ្លួនចង់ឈ្នះទឹកចិត្តប្រជាពលរដ្ឋ ជាងឈ្នះការប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់មនុស្សធម៌ នាថ្ងៃទី១៨ ខែកុម្ភៈខាងមុខ ពោលគឺលោកចង់ឃើញប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមឲ្យបានច្រើនកុះករ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ស្របពេលលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ប្រកាសចូលរួមបរិច្ចាគឈាមលើកទី១៥ នាឱកាសនោះផងដែរ។
នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃពុធកន្លងទៅ ស្ដីពីព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីមនុស្សធម៌ ក្រោមមូលបទ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត» រវាងក្រុមពិធីករកីឡាកម្ពុជា និងក្រុមបាល់ទាត់គុនខ្មែរ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ នៅកីឡដ្ឋានស្ដាតចាស់ ដែលព្រឹត្តិការណ៍នេះ មានការគាំទ្រដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងមានលោក ហ៊ុន ម៉ានី ជាប្រធានកិត្តិយសក្រុមពិធីករកីឡាកម្ពុជាទៀតផង។
ថ្នាក់ដឹកនាំក្រុមខាងលើបានគូសបញ្ជាក់ថា បន្ទាប់ពីឃើញព័ត៌មាន និងការបង្ហោះលើបណ្ដាញសង្គម អំពីតម្រូវការឈាមរបស់អ្នកជំងឺ បានជំរុញឲ្យសមាជិកក្រុម រៀបចំនូវយុទ្ធនាការមួយឡើង គឺការបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត ជាមួយទិសដៅដ៏វែងឆ្ងាយ ដែលក្រុមត្រូវបន្ដធ្វើសកម្មភាព ក៏ដូចជាផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងនៃការផ្ដល់ឈាមដល់ប្រជាពលរដ្ឋទូទាំងប្រទេស។ អ្វីដែលពិសេស គឺលោកមានមោទនភាពផងដែរ ដែលព្រឹត្តិការណ៍នេះទទួលបានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន។
លោក គុជ ឆៃយ៉ា «ការប្រកួតបាល់ទាត់មិត្តភាពនាថ្ងៃទី១៨ ខែកុម្ភៈនេះ ផ្ដោតសំខាន់លើការផ្ដល់ឈាម។ សម្រាប់លទ្ធផលឈ្នះ ឬចាញ់ ពួកយើងមិនផ្ដោតប៉ុន្មានទេ អ្វីដែលពួកយើងចង់ផ្ដោត និងចង់ឈ្នះបំផុត គឺចង់ឈ្នះទឹកចិត្ត និងកម្លាំងចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការចូលរួមផ្ដល់ឈាម»។ ការណ៍នេះលោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាមឲ្យបានច្រើនកុះករ នៅកីឡដ្ឋានស្ដាតចាស់ចាប់ពីម៉ោង ៧៖៣០នាទីព្រឹក ដល់ម៉ោង ៥ល្ងាច។ បន្ទាប់មកបងប្អូនក៏អាចចូលរួមទស្សនាការប្រកួតនៅល្ងាចថ្ងៃដដែលផងដែរ។
ដំណាលគ្នាជាមួយសន្និសីទសារព័ត៌មានខាងលើដែរ លោក ហ៊ុន ម៉ានី ក៏បានផ្ដល់ព័ត៌មានតាមរយៈលោក ស៊ីថូ ណាថាន់ ប្រធានក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាថា លោកនឹងចូលរួមបរិច្ចាគឈាម កំឡុងព្រឹត្តិការណ៍បាល់ទាត់មនុស្សធម៌ នាថ្ងៃទី១៨ ខែកុម្ភៈខាងមុខផងដែរ ដែលជាគម្រប់លើកទី១៥ ដ្បិតលោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានឲ្យដឹង តាមរបាយការណ៍លោកឧបនាយករដ្ឋមន្ដ្រី ធ្លាប់បានស្ម័គ្រចិត្ដបរិច្ចាគឈាម សម្រាប់ជួយសង្គ្រោះអ្នកជំងឺដែលត្រូវការឈាមចំនួន ១៤លើករួចមកហើយ។
ជាមួយគ្នាលោក សុខ ប៉ូ បានថ្លែងអំណរគុណ ចំពោះក្រុមកីឡាករ និងគ្រប់ភាគីពាក់ព័ន្ធ ពិសេសថ្នាក់ដឹកនាំ ដែលបានយកចិត្តទុកដាក់ និងជំរុញឲ្យមានយុទ្ធនាការបរិច្ចាមនេះឡើង ស្របតាមអ្វីដែលមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បាននឹងកំពុងជំរុញ និងលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តឲ្យបានផុសផុល និងគ្រប់រូបភាព។ លោកចាត់ទុកព្រឹត្តិការណ៍បាល់ទាត់មនុស្សធម៌នាសប្ដាហ៍ក្រោយ ជាយុទ្ធនាការដ៏មានអត្ថន័យ និងជាការបង្កើតទម្លាប់ល្អ សម្រាប់កីឡាករ និងប្រជាជនទូទាំងប្រទេស ក្នុងការចូលរួមបរិច្ចាគឈាម ដើម្បីធានាឲ្យការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ដែលត្រូវការឈមគ្រប់មន្ទីរពេទ្យ ដោយគ្មានការរើសអើង ឬប្រកាន់ពូជន៍សាសន៍ និងនិន្នាការនយោបាយអ្វីឡើយ។
នាយកមជ្ឈមណ្ឌលជាតិផ្ដល់ឈាមដដែលបន្ថែមថា ការបរិច្ចាគឈាម មិនមានផលប៉ះពាល់ដល់សុខភាពនោះទេ ដោយបុរសអាចបរិច្ចាគឈាមរាល់ ៣ខែម្តង និងស្រ្តីអាចបរិច្ចាគឈាមបានរាល់ ៤ខែម្តង ហើយការបរិច្ចាគឈាមទៀងទាត់ មិនត្រឹមតែអាចជួយសង្រ្គោះជីវិតតែប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យយើងមានសុខភាពល្អថែមទៀតផង៕