(បរទេស)៖ សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់កំពូលមហាសេដ្ឋីបច្ចេកវិទ្យាលោក Elon Musk បានយល់ព្រមបង់ប្រាក់ប្រមាណ ១០លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក​ ដូណាល់ ត្រាំ បានប្តឹងក្រុមហ៊ុននេះ និងអតីតនាយកប្រតិបត្តិ (CEO)។​ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា Trump បានប្តឹង X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter បន្ទាប់ពីវេទិកានេះបានផ្អាកគណនីរបស់គាត់ បន្ទាប់ពីកុបកម្មកាពីតូលនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ X, នៅក្រោមការដឹកនាំរបស់អតីត​ CEO លោក Jack Dorsey បានបង្ហាញពីភាពត្រឹមត្រូវនៃការព្យួរគណនីនេះ ដោយលើកឡើងពីការព្រួយបារម្ភថា មុខតំណែងរបស់លោក Trump អាចញុះ​ញង់ឱ្យមានអំពើរហិង្សាបន្ថែមទៀត។ ខណៈលោក Trump ចោទប្រកាន់ថាវេទិកានេះ បានរំលោភលើសិទ្ធិវិសោធនកម្មទីមួយរបស់គាត់។

WSJ រាយការណ៍បន្ថែមទៀតថា ក្រុមមេធាវីរបស់លោក Trump បានពិចារណាបញ្ចប់បណ្តឹងជាមួយ X ដោយសារតែទំនាក់ទំនងជិតស្និទ្ធរវាងប្រធានាធិបតី Trump និង Elon Musk ដែលបានបរិច្ចាគខ្ទង់ ២៥០ លានដុល្លារដល់យុទ្ធនាការបោះឆ្នោតរបស់លោក Trump។

យ៉ាងណា ជុំវិញព័ត៌មានលម្អិតបន្ថែមទៀតមិនត្រូវបានបង្ហាញនោះទេ។

គួរជម្រាបថា X គឺជាក្រុមហ៊ុនទី២ ដែលយល់ព្រមបង់ប្រាក់ បន្ទាប់ពី Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram បានដោះស្រាយបណ្តឹងស្រដៀងគ្នាជាមួយ Trump កាលពីខែមុនក្នុងតម្លៃ ២៥លានដុល្លារ៕