(ភ្នំពេញ)៖ ការប្រកួតដណ្ដើមពានរង្វាន់ «តេជោលីគ» រដូវកាលទី២ឆ្នាំ២០២៥ ដែលមានការឧបត្ថម្ភធំផ្ដាច់មុខពីក្រុមហ៊ុន Ganzberg បាននិងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា ពីសំណាក់ក្រុមទាំង៦ នៅវគ្គសន្សំពិន្ទុជុំទី២។ ក្រុមខ្លាំងទាំង ៦នោះ មានដូចជាក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស សមាគមបាល់ទះក្រសួងមហាផ្ទៃ ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សមាគមបាល់ទះវិសាខា និងក្លឹបបាល់ទះកងពលធំអន្តរាគមន៍លេខ៣។
នៅជុំទី២បើទោះបីជា មិនទាន់ចប់ក៏ពិតមែន ប៉ុន្តែគេមើលឃើញថា២ក្រុម នឹងត្រូវកាត់ចេញពីការប្រកួតតេជោលីគមុនគេ គឺ ជើងឯករងតេជោលីគរដូវកាលទី១ សមាគមបាល់ទះវិសាខា និងក្លឹបប្រើធន់ធានកីឡាករខ្មែរសុទ្ធសាធកងពលធំអន្តរាគមន៍លេខ៣។ កាត់ចេញដោយសារតែក្រុមទាំង២ ឆ្លងកាត់ទាំង៣ប្រកួត ចាញ់ទាំង៣ប្រកួតមាន ០ ពិន្ទុនៅបាតតារាង ហើយ២ប្រកួតក្រោយៗក្រុមទាំង២ ជួបសុទ្ធតែក្រុមខ្លាំងៗ។
ដោយឡែក ក្រុមផ្សេងធ្វើបានល្អខ្លាំងតួយ៉ាង ក្លឹបបាល់ទះស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ៣ប្រកួត ឈ្នះទាំង៣ប្រកួត លុតគូប្រកួត ៣ សិត០ មាន៩ពិន្ទុឈរលេខ១ នៅតារាងចំណាត់ថ្នាក់។ ក្លឹបបាល់ទះក្រសួងមហាផ្ទៃ ៣ប្រកួត ឈ្នះទាំង៣ មាន៩ពិន្ទុ ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈ្នះ២ ចាញ់១ មាន៣ពិន្ទុ និងក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្សឈ្នះ១ ចាញ់២ មាន៣ពិន្ទុ។
ថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៥ ក្រុមសមាគមបាល់ទះវិសាខា ត្រូវជួបកងពលធំអន្តរាគមន៍លេខ៣ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ សមាគមន៍បាល់ទះវិសាខាជួបជាមួយក្រសួងមហាផ្ទៃ ខណៈកងពលធំអន្តរាគមន៍លេខ៣ ជួបជាមួយក្លឹបបាល់ទះបញ្ជាការដ្ឋានអង្ករក្ស។
សូមប្រិយមិត្តទៅចូលទស្សនាទាំងអស់គ្នា ឲ្យដើម្បីជាកម្លាំងចិត្តដល់កីឡាករ រៀងរាល់ចុងសប្ដាហ៍ ថ្ងៃសៅរ៍ និងអាទិត្យ ចាប់ពីម៉ោង ១រសៀលតទៅ។
GANZBERG ស្រឡាញ់បាល់ទះ GANZBERG លើកស្ទួយវិស័យបាល់ទះ ឡើងដល់កម្រិតពិភពលោក។ តស់ណាត់សម្លាញ់យើងទាំងអស់គ្នាទៅមើលបាល់ទះ និងចែករំលែកដើម្បីលើកទឹកចិត្តដល់កីឡាករទាំងអស់ បន្តប្រឹងប្រែងប្រកួតប្រជែក ហ្វឹកហាត់ ក្នុងការចូលរួមអភិវឌ្ឍ វិស័យបាល់ទះនៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា៕