(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនចិន Baidu បានប្រកាសថា សេវាកម្មបញ្ញាសិប្បនិម្មិត្ត AI chatbot របស់ខ្លួនដែលមានឈ្មោះផ្លូវការ Ernie Bot នឹងដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី០១ ខែមេសា ខាងមុខនេះតទៅ ដោយលើកហេតុផលថាចង់ជម្រុញការយល់ដឹងផ្នែកបច្ចេកវិទ្យា​ និងកាត់បន្ថយចំណាយរបស់អ្នកប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

Baidu បាននិយាយនៅក្នុងការបង្ហោះ WeChat ថា សេវាកម្ម AI របស់ខ្លួន Ernie Bot នឹងត្រូវបានប្រើប្រាស់ដោយមិនគិតថ្លៃសម្រាប់អ្នកប្រើប្រាស់ទាំងអស់ទាំងនៅលើកុំព្យូទ័រ និងទូរស័ព្ទចល័ត។ Ernie Bot ត្រូវបានចេញផ្សាយជាលើកដំបូងជាសាធារណៈនៅក្នុងប្រទេសចិនក្នុងឆ្នាំ២០២៣ ហើយចាប់តាំងពីពេលនោះមកទទួលបានអ្នកប្រើប្រាស់យ៉ាងច្រើន។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ កម្មវិធីនេះមានអ្នកប្រើប្រាស់ប្រមាណ ៣០០លាននាក់ឯណោះ។

យ៉ាងណាមិញ ប្រកាសនេះត្រូវបានគេមើលឃើញជាការឆ្លើយតបនឹងការប្រកួតប្រជែងក្នុងវិស័យ AI កំពុងកើនឡើងក្នុងប្រទេសចិន​ ជាពិសេសពី DeepSeek ដែលផ្តល់សេវាកម្ម AI chatbot ឥតគិតថ្លៃ ខណៈដំណើរការរបស់វាកំពុងឈានទៅរកភាពខ្លាំងប្រកៀកប្រកិតគ្នានឹង OpenAI ដែលជាអ្នកផ្តល់សេវាកម្ម AI ដ៏លេចធ្លោរបស់សហរដ្ឋអាមេរិក។ Baidu គឺជាក្រុមហ៊ុនចិនដ៏ធំដំបូងគេ ដែលបោះជំហានចូលក្នុង AI បន្ទាប់ពី OpenAI បង្ហាញខ្លួនជាលើកដំបូងរបស់ ChatGPT ក្នុងឆ្នាំ២០២២ នឹងតស៊ូរហូតទទួលបានការអនុម័តគំរូភាសាដ៏ធំ​ Ernie ។ Baidu បានបន្ថែមទៀតថា កំណែចុងក្រោយបំផុតរបស់ខ្លួន Ernie 4.0 មានសមត្ថភាពពិសេស ត្រូវគ្នានឹងសមត្ថភាព GPT-4 របស់ OpenAI។

គួរជម្រាបថា នៅចុងឆ្នាំ២០២៣ ក្រុមហ៊ុន​ Baidu បានណែនាំមុខងារពិសេសដល់ម៉ាស៊ីនស្វែងរក (search engine) របស់ខ្លួនដែលដំណើរការដោយម៉ូដែលទំនើបៗ រួមទាំង Ernie 4.0 ដោយគិតថ្លៃ ៥៩.៩ យន់ (ប្រហែល ៨.១៨ ដុល្លារ) ក្នុងមួយខែ។ Baidu បានគូសបញ្ជាក់ក្នុងប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា នៅថ្ងៃទី០១​ ខែមេសា ខាងមុខនេះ អ្នកប្រើប្រាស់នឹងអាចបើកដំណើរការមុខងារស្វែងរកកម្រិតខ្ពស់មិនធ្លាប់មាន ខណៈលក្ខណៈពិសេសនេះ នឹងពង្រឹសសមត្ថភាពយល់ដឹងកាន់តែខ្លាំងជាងមុន និងការរួមបញ្ចូលឧបករណ៍សម្រាប់ផ្តល់នូវការឆ្លើយតបកម្រិតអ្នកជំនាញ៕