(លីវើភូល)៖ លោក Arne Slot ត្រូវបាន Premier League ដាក់ពិន័យព្យួរជើង ២ប្រកួត នៅពេលទទួលបានកាតក្រហមនៅពេលចប់ការប្រកួតដែល Liverpool លេងស្មើ ២-២ ទល់នឹង Everton នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ Mirror នៅថ្ងៃនេះ។

ទាំងលោក Slot និងជំនួយការរបស់លោកគឺ Spike Hulshoff បានដើរទៅតវ៉ានៅនឹងមុខអាជ្ញាកណ្តាល Michael Oliver ក្រោយកញ្ចែបញ្ចប់ការប្រកួតពេញម៉ោង ៩០នាទីនៅកីឡដ្ឋាន Goodison Park ក្នុងលីគអង់គ្លេស ប្រចាំសប្តាហ៍ទី២៤ ជើងទី២។

លោក Slot ដែលទើបចូលដឹកនាំហង្សក្រហមរដូវកាលនេះ ជំនួសកៅអីលោក Jurgen Klopp បានតវ៉ាគ្រាប់បាល់តាមស្មើ ២-២ របស់កីឡាករ James Tarkowski នៅនាទី៩០+៨ ដែលបានបង្កកំហុស ផ្ទុយពីអាជ្ញាកណ្តាលបានផ្តល់នោះចូលទី ដែលមានការបញ្ជាក់ពី VAR ទៀតផង។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ Premier League បានបញ្ជាក់ថា «គ្រូបង្វឹក Liverpool គឺលោក Arne Slot បានបញ្ចេញអាកប្បកិរិយាមិនសមរម្យ រួមទាំងសំដីអសុរស ដែលនាំឱ្យមានការដាក់ពិន័យ ២ប្រកួតក្នុងលីគ»។ ដែលជាធម្មតា កាតក្រហមអ្នកចាត់ការ គឺពិន័យតែ ១ប្រកួតប៉ុណ្ណោះ៕