(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសនាំចូលខ្សែប្រយុទ្ធថ្មី ១រូបទៀត គឺកីឡាករសញ្ជាតិប្រេស៊ីល Breno Caetano ដែលធ្លាប់លេងឲ្យក្លិប Centro Atletico Fenix នៃលីគទី២ ប្រទេសអ៊ុយរូហ្គា កាលពីរដូវកាលមុន ដើម្បីជួយក្រុមត្រៀមប្រជែងពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអាស៊ី AFC Challenge League 2024/25 ។

វត្តមានរបស់កីឡាករវ័យ ២៧ឆ្នាំរូបនេះ ដើម្បីជួយក្រុមក្នុងការប្រកួតពានរង្វាន់ AFC Challenge League 2024/25 ប៉ុណ្ណោះ ដ្បិតពាននេះ មិនកំណត់កូតាកីឡាករបរទេសឡើយ ។ ប៉ុន្ដែលីគកំពូលកម្ពុជា Breno Caetano មិនអាចលេងបានទេ ព្រោះបច្ចុប្បន្នព្រះខ័នរាជស្វាយរៀង មានកូតាកីឡាករបរទេសគ្រប់ចំនួន ៦នាក់ហើយ ។

សម្រាប់ភារកិច្ចចំពោះមុខរបស់ព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបខាងលលើ នឹងត្រូវជួបក្រុម Shan United របស់មីយ៉ាន់ម៉ា ក្នុងវគ្គ ៨ក្រុមចុងក្រោយ ដោយជើងទី២ ក្រុមទាំងពីរ គ្រោងជួបគ្នា នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែមីនា និងជើងទី២ ត្រូវជួបគ្នានៅទឹកដីមីយ៉ាន់ម៉ាវិញម្ដង នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ។

គួរដឹងថា មុនឡើងវគ្គ ៨ក្រុមចុងក្រោយ ព្រះខ័នរាជស្វាយរៀង បានបញ្ចប់ត្រឹមលេខ២ ក្នុងពូលE នៃវគ្គជម្រុះប្រចាំតំបន់អាស៊ីខាងកើត កាលពីចុងខែតុលា ឆ្នាំ២០២៤ កន្លងទៅ ក្រោយឆ្លងកាត់ ២ប្រកួតឈ្នះ ១ និងចាញ់ ១ ពោលគឺឈ្នះក្រុមម្ចាស់ផ្ទះម៉ុងហ្គោលី SP Falcons ២-១ និងចាញ់ក្រុមឥណ្ឌូនេស៊ី Madura United ១-២ ដែលនាំឲ្យ Madura United ឈរកំពូលតារាង និងឡើងវគ្គ ៨ក្រុមចុងក្រោយដូចគ្នា ៕