(បរទេស)៖ ទទួលបានរបាយការណ៍មកថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដែលស្ថិតក្រោមកម្មសិទ្ធិរបស់ចិន បានត្រឡប់ទៅហាងកម្មវិធី​របស់ Apple និង Google វិញហើយ បន្ទាប់ពីត្រូវបានដកចេញជាបណ្តោះអាសន្ននៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៨ ខែមករា ដើម្បីឆ្លើយតបទៅនឹងច្បាប់សន្តិសុខជាតិដែលចូលជាធរមាន។ នេះបើយោងតាមការចេញផ្សាយពី CNBC នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ជិតរយៈពេលមួយខែ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ TikTok ត្រូវបានដាក់ឱ្យទាញយកជាថ្មីម្តងទៀតនៅក្នុង App Store និង Play Store។ ជុំវិញ ការដកកម្មវិធីចិនដ៏លេចធ្លោនេះ បានកើតចេញពីការព្រួយបារម្ភអំពីសន្តិសុខជាតិ ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកព្រួយបារម្ភអំពីកម្មសិទ្ធិរបស់ ByteDance និងការតភ្ជាប់ទៅកាន់សាធារណៈរដ្ឋប្រជាមានិតចិន។ ច្បាប់ស្តីពីការការពារពីសត្រូវបរទេស ដែលចុះហត្ថលេខាដោយអតីតប្រធានាធិបតីលោក Joe Biden ក្នុងខែមេសា បានកំណត់ថា ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ត្រូវដកហូតប្រតិបត្តិការនៅសហរដ្ឋអាមេរិកត្រឹមថ្ងៃទី១៩ ខែមករា ឬប្រឈមនឹងការហាមឃាត់។

យ៉ាងណាមិញ TikTok បានអះអាងថា ច្បាប់នេះរំលោភលើសិទ្ធិវិសោធនកម្មលើកទី១ នៃអ្នកប្រើប្រាស់ជាង ១៧០ លាននាក់នៅសហរដ្ឋអាមេរិក។ កាលពីខែមករា តុលាការកំពូលបានចូលរួមភាគីជាមួយរដ្ឋបាលលោក Biden ដោយបញ្ជាក់ថា «សភាបានកំណត់ការដកខ្លួនចេញដើម្បីដោះស្រាយបញ្ហាសុវត្ថិភាព ទាក់ទងនឹងការអនុវត្តការប្រមូលទិន្នន័យរបស់ TikTok និងទំនាក់ទំនងជាមួយសត្រូវបរទេស»។ តែយ៉ាងណា TikTok បានរុញច្រានការសម្រេចចិត្តរបស់តុលាការកំពូល ហើយបានធ្វើការឆ្លើយតបគំរាមកំហែងបកវិញក្នុងការបិទប្រតិបត្តិការអាមេរិក លុះត្រាតែរដ្ឋបាល Biden ធ្វើអន្តរាគមន៍។

គួរជម្រាបថា ការវិលត្រឡប់ទៅលើអ៊ីនធឺណិតសហរដ្ឋអាមេរិកវិញរបស់កម្មវិធី TikTok បន្ទាប់ពីប្រធានាធិបតីលោក Donald Trump បាននិយាយថាគាត់នឹងពន្យារពេលការអនុវត្តការហាមឃាត់នេះ។ លោក​បាន​ចុះហត្ថលេខា ​លើ​ដីកា​ប្រតិបត្តិ​មួយ​នៅ​ថ្ងៃ​ដំបូង​ដែល​លោក​ចូល​កាន់​តំណែង​ដើម្បី​ពន្យារ​ពេល​កំណត់​នៃ​ច្បាប់​នេះ​បន្ថែម​ទៀត ៧៥ ថ្ងៃ​ដល់​ថ្ងៃ​ទី ៥ ខែ​មេសា។ លោក Trump បាននិយាយនៅលើវេទិកា Truth Social របស់គាត់ថាគាត់ «ចង់ឱ្យសហរដ្ឋអាមេរិកមានកម្មសិទ្ធិ ៥០% ក្នុងការបណ្តាក់ទុនរួមគ្នា» ដើម្បី «រក្សាទុក TikTok, រក្សាវានៅក្នុងដៃឱ្យល្អ»៕