(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ខ្នាតយក្ស Sony ត្រូវបានគេរាយការណ៍មកថា បានកើនឡើងភាគហ៊ុនប្រមាណ ៩% នៅក្នុងការជួញដូរចុងក្រោយនាព្រឹកថ្ងៃសុក្រសប្តាហ៍នេះ នៅទីក្រុងតូក្យូ បន្ទាប់ពីក្រុមហ៊ុនដ៏លេចធ្លោនេះបានរាយការណ៍ពីលទ្ធផលដ៏រឹងមាំសម្រាប់ត្រីមាសទី៣ នៅក្នុងផ្នែកហ្គេម និងតន្ត្រីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។
អង្គភាពហ្គេមរបស់ Sony បានរាយការណ៍ថា បានកើនឡើងខ្ទង់ ៣៧%នៅក្នុងប្រាក់ចំណេញប្រចាំត្រីមាស ហើយ Playstation 5 ឈានដល់ចំនួនលក់សរុប ៩.៤លានគ្រឿងក្នុងអំឡុងពេលរដូវកាលទិញទំនិញចុងឆ្នាំ។ លោក លោក David Dai ដែលជាអ្នកវិភាគ Bernstein បានសរសេរនៅក្នុងកំណត់ត្រាមួយថា «លទ្ធផលទាំងនេះបានបញ្ជាក់ពីស្ថានភាពរបស់ PlayStation ថាជាប្រព័ន្ធអេកូហ្គេមកុងសូលដែលមានប្រសិទ្ធភាពខ្ពស់...»។ បន្ថែមពីនេះ ក្រុមហ៊ុន Sony ក៏បានរាយការណ៍ពីការលក់កម្មវិធីខ្លាំងផងដែរ។
តែយ៉ាងណា ជុំវិញទិន្នន័យ និងរបាយការណ៍លម្អិតក្រុមហ៊ុនលំដាប់ខ្នាតយក្ស Sony នៅមិទាន់បង្ហាញទូលំទូលាយនៅឡើយនោះទេ។
គួរជម្រាបថា Sony បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនគ្រោងនឹងទិញភាគហ៊ុនត្រឡប់មកវិញរហូតដល់ទៅ ៣០លានហ៊ុន ក្នុងតម្លៃប្រហែល ៥០ពាន់លានយ៉េនក្នុងពេលខាងមុខនេះ៕