(បរទេស)៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយនៅដើមសប្តាហ៍នេះ មានរបាយការណ៍អះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានជ្រើសរើសក្រុមហ៊ុន Alibaba ជាដៃគូសហការនៅក្នុងប្រទេសចិន ដើម្បីធ្វើការលើ AI។ ឥឡូវនេះ ប្រធានក្រុមហ៊ុន Alibaba លោក Joe Tsai បានធ្វើការបញ្ជាក់ជាផ្លូវការនៅក្នុងកិច្ចប្រជុំកំពូលមួយនៅទីក្រុងឌូបៃថា Apple នឹងបញ្ចូល AI របស់ Alibaba ទៅក្នុង iPhone ប្រទេសចិននាពេលដ៏ខ្លីខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក Tsai បាននិយាយថា «ពួកគេ (សំដៅលើ Apple) បានពិភាក្សាជាមួយក្រុមហ៊ុនមួយចំនួននៅក្នុងប្រទេសចិន។ នៅទីបំផុតពួកគេ បានជ្រើសរើសធ្វើអាជីវកម្មជាមួយយើង។ ពួកគេចង់ប្រើ AI របស់យើងដើម្បីផ្តល់ថាមពលដល់ទូរស័ព្ទ iPhone របស់ពួកគេ។ យើងមានអារម្មណ៍ថា មានកិត្តិយសខ្លាំងណាស់ដែលបានធ្វើអាជីវកម្មជាមួយក្រុមហ៊ុនដ៏អស្ចារ្យដូចជា Apple» ។
យ៉ាងណាមិញ មុននឹង Apple សម្រេចជ្រើសរើស Alibaba ជាដៃគូសហការត្រូវបានគេមើលឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានពិភាក្សាជាមួយក្រុមហ៊ុនមួយចំនួនដូចជា Baidu, ByteDance, Tencent និង DeepSeek ជាដើម។
គួរជម្រាបថា Apple ត្រូវតែមានដៃគូក្នុងស្រុកនៅក្នុងប្រទេសចិន ព្រោះនៅទីនោះ សេវា AI តម្រូវឱ្យមានការអនុញ្ញាតពីរដ្ឋាភិបាលខិន ដែលផ្តល់តែការអនុញ្ញាតបែបនេះដល់ក្រុមហ៊ុនក្នុងស្រុកប៉ុណ្ណោះ។ នេះជាមូលហេតុដែល Apple Intelligence មិនមាននៅក្នុងប្រទេសចិនរហូតមកដល់ពេលនេះ។ ឥឡូវនេះ Apple បានរកឃើញដៃគូហើយ នោះនឹងផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះ៕