(មេនឆេស្ទើ)៖ ខ្សែការពារ Manuel Akanji បានរងរបួសភ្លៅ ដែលកំពុងដំណើរការវះកាត់នៅថ្ងៃសៅរ៍នេះ ដែលត្រូវបានគេរំពឹងថា នឹងអវត្តមានចាប់ពី ១០សប្តាហ៍ឡើងទៅផងដែរ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃនេះថា កីឡាករអន្តរជាតិស្វីស វ័យ ២៩ឆ្នាំខាងលើបានរងរបួសជាទម្ងន់ ក្នុងជំនួបដែល Manchester City ចាញ់ក្រុមភ្ញៀវ Real Madrid ៣-២ ក្នុងការប្រកួតជើងទី១ នៃវគ្គជម្រុះដណ្តើមកៅអី UEFA Champions League 2024-25 នៅកីឡដ្ឋាន Etihad កាលពីរាត្រីថ្ងៃអង្គារ។
«Akanji កំពុងដំណើរការវះកាត់នៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈនេះ ដែលអាចខកខានប្រកួតចាប់ពី ៨-១០សប្តាហ៍ឯណោះ» នេះបើយោងតាមការឱ្យដឹងពីលោក Pep Guardiola អ្នកចាត់ការទូទៅ City កាលពីថ្ងៃសុក្រម្សិលមិញ។
លោកបន្ថែមថា ក្នុងប្រកួតនោះដែរ Jack Grealish ក៏បានជួបបញ្ហារបួសហើមក្រលៀន ក៏ប៉ុន្តែមិនជាធ្ងន់ធ្ងរនោះទេ ដែលអាចជួយមេឃខៀវ Man City បានពេលប្រកួតទល់នឹង Newcastle United ក្នុងលីគនារាត្រីថ្ងៃសៅរ៍នេះបាន។
គួរបញ្ជាក់ផងថា Akanji បានចូលលេង ២០ប្រកួត ក្នុងចំណោម ២៤ប្រកួតសរុបសម្រាប់ City នៅ Premier League រដូវកាលនេះ និង ៣០ប្រកួតតែម្តង គ្រប់កម្មវិធីនៅរដូវកាលឆ្នាំ២០២៤-២៥។ ទន្ទឹមគ្នានោះ ខ្សែការពារមានដូចជា John Stones, Nathan Ake និង Ruben Dias បានត្រឡប់មកហ្វឹកហាត់វិញហើយ លើកលែងតែបម្រើការពារ Rodri៕