(កំពត)៖ តបតាមការស្នើសុំរបស់លោក នូរ ច័ន្ទដារ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយមាស, អ្នកឧកញ៉ា លាង ពៅ ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានណែនាំឲ្យផ្នែកសង្គម និងទំនាក់ទំនងសាធារណរៀបចំក្រុមការងារជំនាញផ្នែកសុវតិ្ថភាព និងផ្នែកលំហែទាំ ចុះជួយស្ទួច រ៉ូឡូធ្លាក់ប្រឡាយទម្ងន់ ១៨តោនរបស់កងវិស្វកម្មជាតិដែលកំពុងកសាងផ្លូវសហគមន៏គម្រោងក្រាលកៅស៊ូ ឲ្យបានមកបន្តធ្វើការងារសាងសង់ផ្លូវជូនប្រជាពលរដ្ឋទាន់ផែនការកំណត់។

ហេតុការណ៍​នេះបានកើតឡើងនាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិពោធ៍ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត គំរោងផ្លូវចាក់កៅស៊ូ ប្រវែង៣គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ កសាងដោយកងវិស្វកម្មលេខ១៨១ បានជួបឧបទវហេតុ រ៉ូឡូធ្លាក់ប្រឡាយដែលមានទម្ងន់១៨តោន។​

ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន គឺជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ ក្នុងស្រុក វិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនខ្មែរ ឈានមុខគេ ដែលបាននឹងកំពុងចូលរួមអភិវឌ្ឍសហគមន៍មូលដ្ឋានគ្រប់រូបភាព ជាពិសេស តាមរយៈសកម្មភាព នៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន រួមមាន៖ ដូចជាការអប់រំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក សុខភាពអនាម័យ ប្រព័ន្ធធារាសាស្រ្តជាដើម៕