(បរទេស)៖ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃសុក្រសប្តាហ៍នេះថា ក្រុមហ៊ុន Dell Technologies កំពុងស្ថិតក្នុងការចរចាកម្រិតខ្ពស់ដើម្បីបញ្ចប់កិច្ចព្រមព្រៀងដែលមានតម្លៃជាង ៥ ពាន់លានដុល្លារជាមួយនឹងអាជីវកម្ម xAI របស់ Elon Musk។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។
កិច្ចព្រមព្រៀងនេះ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់ម៉ាស៊ីនមេដែលធ្វើឱ្យប្រសើរឡើងសម្រាប់កម្មវិធីបញ្ញាសិប្បនិម្មិត្ត AI ដែលបំពាក់ដោយឧបករណ៍អេឡិចត្រូនិក GB200 របស់ Nvidia ខណៈដែលរំពឹងថានឹងត្រូវបានចែកចាយនៅឆ្នាំនេះ។ យ៉ាងណាមិញ បន្ទាប់ពីចេញផ្សាយថា Dell នឹងលក់ម៉ាស៊ីនមេនេះ បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនកើនឡើងជាង ៤%។
របាយការណ៍ពី Bloomberg បានបញ្ជាក់ថា ព័ត៌មានលម្អិតកំពុងស្ថិតក្នុងការពិភាក្សា ខណៈដែលក្រុមហ៊ុនផលិតម៉ាស៊ីនមេ Dell និងអ្នកតំណាងរបស់ Musk បានបដិសេធមិនទាន់អាចធ្វើអត្ថាធិប្បាយនោះទេ។
xAI ត្រូវបានបង្កើតឡើងដោយកំពូលមហាសេដ្ឋីលោក Elon Musk ក្នុងខែមីនា ឆ្នាំ២០២៣ បច្ចុប្បន្នេះបាននិងកំពុងពង្រីកយ៉ាងឆាប់រហ័សនូវសមត្ថភាព AI របស់ខ្លួន ជាពិសេសតាមរយៈមជ្ឈមណ្ឌលទិន្នន័យ Memphis ដែលបច្ចុប្បន្នដំណើរការជាមួយនឹង Nvidia GPUs មួយចំនួនធំ។
គួរជម្រាបថា អ្នកវិភាគព្យាករណ៍ថា ការលក់ម៉ាស៊ីនមេ AI របស់ Dell អាចឈានដល់ ១៤ ពាន់លានដុល្លារត្រឹមខែមករា ឆ្នាំ២០២៦ ដែលជំរុញដោយកិច្ចព្រមព្រៀងនេះ និងការកើនឡើងនៃតម្រូវការសហគ្រាសសម្រាប់ដំណោះស្រាយ AI៕