(ភ្នំពេញ)៖ ហាងកាហ្វេ និងអាហារ ហ្គាឌ័រហ្គ្រោនស៍ (Gather Grounds Coffee & Eatery) បានចុះហត្ថលេខាប្រគល់សិទ្ធិប្រកបអាជីវកម្ម ដល់ដៃគូរបស់ខ្លួន ដើម្បីឈានដល់ការពង្រីក ៣ទីតាំងទៀត នៅពាក់កណ្តាលឆ្នាំ២០២៥នេះ ខណៈមានគោលដៅក្លាយជាហាងកាហ្វេ និងអាហារលំដាប់ជួរមុខនៅកម្ពុជា។

កម្មវិធីចុះហត្ថលេខា ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅហាងកាហ្វេ និងអាហារ ហ្គាឌ័រហ្គ្រោនស៍ ដោយមានវត្តមានលោក ដា សុធន់ ប្រធានវិស័យអាជីវកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច នៃសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា, លោកស្រី នី ប៉ាឡូណា ម្ចាស់អាជីវកម្មហាងកាហ្វេ និងអាហារ ហ្គាឌ័រហ្គ្រោនស៍ និងដៃគូសហការ។

ហាងកាហ្វេ និងអាហារ ហ្គាឌ័រហ្គ្រោនស៍ មានចក្ខុវិស័យផ្តល់ជូននូវផលិតផល និងសេវាកម្ម ព្រមទាំងបដិសណ្ឋារកិច្ចល្អ បង្កើនភាពស្រស់ស្រាយ ជាមួយបរិយាកាសរីករាយ ទំនាក់ទំនងល្អ ផាសុកភាព ប្រកបដោយភាពច្នៃប្រឌិត គុណភាព និងជាពិសេសបង្កើតនូវទំនុកចិត្តខ្ពស់សម្រាប់អតិថិជន ប្រកបដោយនិរន្តរភាព។

ថ្លែងក្នុងឱកាសនោះ លោកស្រី នី ប៉ាឡូណា បានឲ្យដឹងថា ហាងកាហ្វេ និងអាហារ ហ្គាឌ័រហ្គ្រោនស៍ មានគោលដៅច្បាស់លាស់ ដោយក្នុងឆ្នាំ២០២៤-២០៣០ នឹងពង្រីកឲ្យបានយ៉ាងតិច ១៥ទីតាំង នៅរាជធានីភ្នំពេញ ខណៈសព្វថ្ងៃមាន ២ទីតាំង នៅភ្នំពេញថ្មី និងឥន្ទ្រទេវី ហើយក្រោយការចុះហត្ថលេខានៅថ្ងៃនេះ ហាងចំនួន ៣ទីតាំងទៀត អាចនឹងបើកដំណើរការនៅពាក់កណ្តាលឆ្នាំ២០២៥នេះ។

លោកស្រី នី ប៉ាឡូណា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងគោលដៅឆ្នាំ២០២៤-២០៣០ យើងនឹងពង្រីកខ្លួនឲ្យបានយ៉ាងតិច ១៥សាខា នៅក្រុងភ្នំពេញ បន្ទាប់ពីមានអ្នកវិនិយោគជាច្រើន បានស្នើសុំទិញសិទ្ធិប្រកបអាជីវកម្មជាមួយម៉ាកយីហោ ហាងកាហ្វេ និងអាហារ ហ្គាឌ័រហ្គ្រោនស៍ ហើយថ្ងៃនេះផងដែរ បានផ្តល់សិទ្ធិប្រកបអាជីវកម្ម ចំនួន ៣ទីតាំងបន្ថែម ដែលនឹងអាចបើកដំណើរការក្នុងពាក់កណ្តាលឆ្នាំ២០២៥នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការគាំទ្រដ៏ច្រើនពីសំណាក់អតិថិជនគ្រប់ស្រទាប់វណ្ណៈ។ សម្រាប់បងប្អូនដែលមានបំណងចង់ក្លាយជាម្ចាស់សាខាហ្រ្វេនឆាយណាមួយ ក្នុងចំណោម ១៥សាខាគោលដៅ បងប្អូនអាចទំនាក់ទំនងជួបផ្ទាល់បាន ដើម្បីបានព័ត៌មានកាន់តែលម្អិត»

ហាងកាហ្វេ និងអាហារ ហ្គាឌ័រហ្គ្រោនស៍ មានថ្នាក់ដឹកនាំ និងបុគ្គលិកពូកែៗ ដែលជាធនធានសំខាន់ កំពុងបម្រើការងារនៅតាមសាខា ដោយមានទទួលសេវាកម្មបន្ថែមជាច្រើន រួមមាន៖ ការរៀបចំឈុតអាហារបែបកាណាប៉េក្នុងពិធីជប់លៀង, អាហារសម្រន់, រៀបចំកម្មវិធីជប់លៀងផ្សេងៗ និងសេវាកម្មរៀបចំបន្ទប់បណ្តុះបណ្តាល ឬប្រជុំផ្សេងៗ ដែលកំពុងតែពេញនិយម និងមានការគាំទ្រកាន់តែច្រើនឡើងៗ។

ហាងកាហ្វេ និងអាហារ ហ្គាឌ័រហ្គ្រោនស៍ មានគោលបំណង ចំនួន៤ រួមមាន៖

* ១៖ ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្ម ដែលល្អបំផុតជាមួយរសជាតិម្ហូបអាហារ ដែលមានឱជារសឈ្ងុយឆ្ងាញ់ និងការរចនាតុបតែង ដែលមានភាពច្នៃប្រឌិតខ្ពស់ ព្រមជាមួយបរិយាកាសស្រស់ស្រាយល្អជាទីគាប់ចិត្ត

* ២៖ បង្កើតឱកាសការងារសម្រាប់ជួយសង្គមជាតិតាមរយៈ បង្កើតសាខាជាច្រើនបន្ថែមទៀត

* ៣៖ ធ្វើឲ្យ ហ្គាឌ័រហ្គ្រោនស៍ ជាម៉ាកកាហ្វេលំដាប់ជួរមុខនៃព្រះរាជាណាចក្រកម្ពុជា

* ៤៖ ជាទីកន្លែងដែលបំផុសគំនិត តាមរយៈការអនុវត្តប្រកបដោយភាពស្និតស្នាល និងបរិស្ថានល្អ។

លោកស្រី នី ប៉ាឡូណា ក៏បានអរគុណចំពោះចលនាគាំទ្ររបស់សភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា ដែលមានសារៈសំខាន់ដល់ការអភិវឌ្ឍអាជីវកម្ម ដោយមានអ្នកជំនាញផ្តល់ជំនួយស្មារតី ដើម្បីឲ្យអាជីវកម្មកាន់តែរីកចម្រើន។

លោក ដា សុធន់ បានឲ្យដឹងថា សម្រាប់សភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា អ្វីដែលបានផ្តោតនិងកំពុងជួយទៅដល់មុខរបរនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ គឺការផ្តល់នូវការប្រឹក្សាយោបល់លើគន្លឹះដឹកនាំគ្រប់គ្រង ដោយអ្នកជំនាញបានចុះផ្ទាល់ និងផ្តោតលើសមាជិក ជាមួយនឹងលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាត និងបង្ហាញនូវបរិបទផ្លាស់ប្តូរនានា ដើម្បីដោះស្រាយវិបត្តិ និងចំណោទបញ្ហា ដែលម្ចាស់អាជីវកម្មកំពុងប្រឈមម្តងមួយៗ៕