(បរទេស)៖ ប្រឹក្សាភិបាលក្រុមហ៊ុន OpenAI បានបដិសេធម្តងហើយម្តងទៀត នឹងបានច្រានចោលការដេញថ្លៃចំនួន ៩៧.៤ពាន់លានដុល្លារពីក្រុមហ៊ុនដែលដឹកនាំដោយកំពូលមហាសេដ្ឋីលោក Elon Musk ជាថ្មីនៅថ្ងៃសុក្រសប្តាហ៍នេះ ដោយបញ្ជាក់ច្បាស់ៗថា «OpenAI មិនមែនសម្រាប់លក់ទេ» ហើយការដេញថ្លៃនាពេលអនាគតទំនងមិនអាចទៅរួច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។

យោងតាមលោក​ Bret Taylor ក្រុមប្រឹក្សាភិបាល OpenAI បាននិយាយថា «OpenAI មិនមែនសម្រាប់លក់ទេ, ហើយក្រុមប្រឹក្សាភិបាលបានច្រានចោលជាឯកច្ឆ័ន្ទចំពោះការប៉ុនប៉ងចុងក្រោយបំផុតរបស់លោក Musk ដើម្បីរារាំងដល់ការប្រកួតប្រជែងរបស់គាត់។ ការរៀបចំឡើងវិញរបស់ OpenAI គឺពង្រឹងការមិនស្វែងរកប្រាក់ចំណេញរបស់យើង និងបេសកកម្មក្នុងការធានាឱ្យ AGI ផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិទាំងអស់»

ជាការឆ្លើយតបទៅនឹងការបដិសេធការដេញថ្លៃ ៩៧.៤ ពាន់លានដុល្លាររបស់ Elon Musk សម្រាប់ OpenAI មេធាវីរបស់ Musk លោក Marc Toberoff បាននិយាយថា OpenAI កំពុងដាក់ការគ្រប់គ្រងសហគ្រាសរកប្រាក់ចំណេញសម្រាប់លក់។ នេះមានន័យថា គាត់ជឿថាសកម្មភាពរបស់ OpenAI បង្ហាញពីឆន្ទៈក្នុងការលក់ទ្រព្យសម្បត្តិ ឬអភិបាលកិច្ចរបស់ខ្លួនទៅផលប្រយោជន៍ឯកជន ជាជាងការរក្សាបេសកកម្មមិនស្វែងរកប្រាក់ចំណេញដើមរបស់វា។ លោក Toberoff បានរិះគន់ចំណាត់ការនេះថាមានអត្ថប្រយោជន៍ច្រើនជាងសម្រាប់សមាជិកក្រុមប្រឹក្សាភិបាលមួយចំនួន ជាជាងគោលដៅសប្បុរសធម៌ដ៏ទូលំទូលាយរបស់អង្គការ។

គួរជម្រាបថា បន្ទាប់ពីការចាកចេញរបស់ Musk ពីក្រុមហ៊ុន OpenAI ក្នុងឆ្នាំ២០១៩, OpenAI បានបម្លែងខ្លួនបន្តិចម្តងៗទៅជាអង្គការរកប្រាក់ចំណេញដែលបានទាញយកមូលនិធិរាប់ពាន់លានដុល្លារដែលបង្កឱ្យមានការចោទប្រកាន់ពី Musk ថា OpenAI បានរំលោភលើបេសកកម្មដើមរបស់ខ្លួនដោយដាក់ប្រាក់ចំណេញនាំមុខសាធារណៈជនធំជាង។ យ៉ាងណាមិញ ជុំវិញសំណើរទិញ OpenAI ពី Musk នេះត្រូវបានគេមើលឃើញថា Musk ធ្វើឡើងក្នុងគោលបំណងបញ្ឈប់ OpenAI ទៅជាអង្គភាពរកប្រាក់ចំណេញ៕