(ភ្នំពេញ)៖ ក្រុមហ៊ុន GAC Motor Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TH Group បានប្រកាសដល់សាធារណជនអំពីសិទ្ធនាំចូល និងចែកចាយផ្ដាច់មុខលើម៉ាករថយន្ត GAC និងគ្រឿងបន្លាស់រថយន្តតែមួយគត់នៅកម្ពុជា ដោយមានការចុះបញ្ជីត្រឹមត្រូវនៅក្នុងក្រសួងពាណិជ្ជកម្ម។
នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីអំពី «GAC GN8 សិទ្ធនាំចូល និងចែកចាយផ្ដាច់មុខ» ក្រុមហ៊ុនម៉ាកយីហោ GAC នៅកម្ពុជា បានបញ្ជាក់ថា ការនាំចូល និងចែកចាយរថយន្តនីមួយៗរបស់ក្រុមហ៊ុនផ្លូវការត្រូវមានស្តង់ដារគុណភាព និងលក្ខណៈបច្ចេកទេស ស្របតាមស្ថានភាព និងអាកាសធាតុរបស់ប្រទេសនីមួយៗ។
ចំពោះ ម៉ាករថយន្ត GAC គឺមានតែក្រុមហ៊ុន GAC Motor Cambodia តែមួយគត់ដែលបានទទួលសិទ្ធពីក្រុមហ៊ុន GAC Motor ប្រទេសចិន និងបានចុះបញ្ជីនៅក្នុងក្រសួងពាណិជ្ជកម្ម។
លោក ធី ចន្ទនិមល ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន GAC MOTOR Cambodia បានបញ្ជាក់ថា សិទ្ធនាំចូលរថយន្តម៉ាក GAC និងចែកចាយផ្ដាច់មុខ គឺមានតែក្រុមហ៊ុន GAC Motor Cambodia តែមួយគត់។
លោកបន្ថែមថា ក្រុមហ៊ុនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់ដែលកំពុងកើតឡើង ដោយអ្នកនាំចូលដែលគ្មានសិទ្ធនាំចូលរថយន្ត GAC GN8 បានបំពានយ៉ាងធ្ងន់ធ្ងរមកលើម៉ាកយីហោមួយនេះ។
លោកបន្តថា «យើងបានទទួលព័ត៌មានពីអតិថិជន ដែលបានទិញរថយន្ត GAC GN8 ពីអ្នកនាំចូលដែលគ្មានសិទ្ធនាំចូលទាំងនោះ បានបង្កឲ្យមានមានផលរំខានដល់អារម្មណ៍អ្នកប្រើប្រាស់យ៉ាងខ្លាំង។ ព្រោះ ថាគាត់បានទិញរថយន្ត GAC GN8 ពីអ្នកនាំចូលមិនផ្លូវការ រថយន្តគ្មានស្តង់ដារត្រឹមត្រូវ បន្ទាប់ពីគាត់បានប្រើប្រាស់មួយរយៈរថយន្តបានជួបនូវបញ្ហារអាក់រអួល ឬ Error នៅលើប្រព័ន្ធ Software និងមិនទទួលបានការធានាត្រឹមត្រូវ។
នេះ ជាផលអវិជ្ជមានដ៏ធំមួយដែលយើងខ្ញុំជាក្រុមហ៊ុនផ្លូវការមានក្ដីបារម្ភយ៉ាងខ្លាំង ព្រោះវាបានបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងអាចបំផ្លាញលើម៉ាកយីហោមួយនេះ។ ក្នុងនាមយើងខ្ញុំ ដែលជាក្រុមហ៊ុនទទួលបានសិទ្ធនាំចូល និងចែកចាយផ្ដាច់មុខ មិនអាចទទួលយកបាននោះឡើយ និងរឹតតែមិនអាចបណ្ដោយក្រុមអ្នកនាំចូលដែលគ្មានសិទ្ធ បំពានលើសិទ្ធនាំចូល និងចែកចាយផ្ដាច់មុខម៉ាកយីហោរ GAC »។
ផលអវិជ្ជមាននេះ វាជាផ្នែកមួយដ៏ធ្ងន់ធ្ងរដែលអាចបំផ្លាញលើម៉ាកយីហោមួយនេះ ដែលធ្វើឲ្យក្រុមហ៊ុន GAC ប្រទេសចិន និងក្រុមហ៊ុនផ្លូវការ GAC នៅកម្ពុជា មិនអាចទទួលយកបាននោះឡើយ និងរឹតតែមិនអាចបណ្ដោយក្រុមអ្នកនាំចូលដែលគ្មានសិទ្ធ បំពានលើម៉ាកសញ្ញានៅក្នុងទីផ្សារ និងម៉ាកយីហោក្រុមហ៊ុនបន្ថែមទៀត។
ក្រុមហ៊ុន GAC កម្ពុជា លើកទឹកចិត្តអតិថិជនដែលមានបំណងចង់ប្រើប្រាស់រថយន្ត GAC GN8 សេរីថ្មី សូមងាកមកជ្រើសរើសរថយន្តដែលនាំចូល-ចែកចាយដោយក្រុមហ៊ុនផ្លូវការ ដែលមានការធានាត្រឹមត្រូវពីរោងចក្រ និងមានតម្លៃសមរម្យ។
សូមជម្រាបជូនថា រថយន្ត GAC GN8 កម្រិត Master (ប្រភេទ Full Options) ដែលនាំចូល-ចែកចាយដោយក្រុមហ៊ុនផ្លូវការ មានតម្លៃពិសេសត្រឹមតែ ៦៥០០០ដុល្លារតែប៉ុណ្ណោះ។
ទន្ទឹមគ្នានេះ ចំពោះអាជីវករលក់រថយន្តដែលមានបំណងចង់ទិញលក់បន្ត អាចធ្វើការទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុនដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម។
ក្រុមហ៊ុនបានផ្ដល់នូវការព្រមានជាថ្មី តាមរយៈបណ្ដាញសារពត៌មាន ដើម្បីជូនដំណឹងអ្នកនាំចូលដែលគ្មានសិទ្ធទាំងអស់ឲ្យឈប់ជាបន្ទាន់រាល់ការនាំចូលរថយន្តម៉ាក GAC គ្រប់ម៉ូឌែលទាំងអស់ ជាពិសេសម៉ូឌែល GAC GN8 ហើយប្រសិនបើបន្តបំពានលើសិទ្ធស្របច្បាប់នេះ ក្រុមហ៊ុននឹងអនុវត្តទៅតាមនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕